ព័ត៌មានជាតិ
ប្រជាពលរដ្ឋជាង ៤ម៉ឺននាក់មកទស្សនាការប្រណាំងទូក ថ្ងៃបញ្ចប់ នៅខេត្តបន្ទាយមានជ័យ
ប្រជាពលរដ្ឋជាង ៤ម៉ឺននាក់ បានមកទស្សនា ការប្រណាំងទូក ង ថ្ងៃបញ្ចប់ នៅក្រោយ វិទ្យាល័យជាតិមានជ័យ ក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែថ្នាក់ខេត្ត។ ក្នុងនោះមាន ទូក ង វែង មធ្យម និងតូចចូលរួមប្រណាំងចំនួន ២៦ទូក កីឡាករ ចូលរួមប្រណាំង មានចំនួន ១ ០៦០ នាក់ មានរយៈពេល ២ថ្ងៃ គឺ ថ្ងៃទី៤ និងទី៥ ខែ វិច្ឆិកា ឆ្នាំ ២០២២។

ពិធីនេះមានការចូលរួម ដោយនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត និងជា ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អមដំណើរដោយ លោក ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ព្រមទាំងមន្ត្រីសាលាខេត្ត ជាច្រើននាក់។

លោក ឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា ទូក ង ដែលចូលរួមប្រណាំងនេះមានចម្រុះចំនួន ២៦ទូក ក្នុងនោះទូកធំវែងចំនួន ៣ទូក ដែលមានចំណុះ៦៩ និង៧៥នាក់ ទូកមធ្យមមាន ២ទូក ចំណុះ៤៥ និង៤៧នាក់។ ទូកមធ្យម មានចំណុះ ២២នាក់ ចំនួន ១៤ទូក ទូកតូចចំណុះ ៥នាក់ ចំនួន ៥ទូក និងចំណុះ ៣នាក់ ចំនួន ២ទូក ក្នុងលក្ខណៈវិលជុំ។

លោក អ៊ុំ រាត្រី មានប្រសាសន៍ថា ខេត្តបន្ទាយមានជ័យ ក្រោយពីខកខានធ្វើពិធីប្រណាំងទូក ង នេះអស់រយៈពេល ២ឆ្នាំដោយសារទទួលរងនូវផលប៉ះពាល់គ្រោះមហន្តរាយទឹកជំនន់ និងទទួលរងវិបត្តិសាកលនៃការរីករាលដាលជំងឺកូវីដ-១៩។ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្តល់វ៉ាក់សាំងចាក់ការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងគ្រប់គ្រោង បានធ្វើឱ្យភាពស៊ាំនៅក្នុងសហគមន៍ មានភាពរឹងមាំ និងបានឈានដល់ការប្រកាសបើកដំំណើរការប្រទេសឡើងវិញ តាមបែបគន្លងប្រក្រតីភាពថ្មី មកទល់ពេលនេះ។

លោក អ៊ុំ រាត្រី មានប្រសាសន៍បន្តទៀតថា ការប្រារព្ធពិធីបណ្ដែតប្រទីប អកអំបុក សំពះ ព្រះខែនេះ ក៏មានរៀបចំការដាក់តាំងបង្ហាញផលិតផលភូមិ១ផលិតផល១ ក្នុងបរិវេណសួនមានជ័យ និងមានការប្រគុំតន្រ្តីសម័យ និងកម្មវិធី កម្សាន្តផ្សេងៗ។

លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន មានប្រសាសន៍កោតសរសើរ និងថ្លែងអំណរគុណដល់អាជ្ញាធរដែនដី សមត្ថកិច្ចស៊ីវិល កងកម្លាំងទាំង៣ អ្នកពាក់ព័ន្ធទាំងឡាយដែលបាន អនុវត្តតួនាទីភារកិច្ចគ្រប់កាលៈទេសៈក្នុងខេត្ត ពិសេសសភាពការណ៍លំបាកៗមានការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គ្រោះទឹកជំនន់ ជាដើម ហើយពេលនេះ នៅបានរៀបចំពិធីបុណ្យអុំទូក និងតាំងបង្ហាញផលិតផលភូមិ១ផលិតផល១ ដោយយោងលើកត្តាមានសុខសន្តិភាព ជីវភាពប្រជាពលរដ្ឋក៏ប្រសើរឡើង សេដ្ឋកិច្ចមានកំណើន មានស្ថិរភាពនយោបាយ មានការឯកភាពជាតិ ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យរៀបចំពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែប្រពៃណីជាតិ នេះឡើងនៅបណ្ដារាជធានី ខេត្តនានា៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


