ព័ត៌មានជាតិ
នៅថ្ងៃចុងសប្ដាហ៍ មានពលរដ្ឋខ្មែរច្រើនជិះរថភ្លើងទៅកាន់បណ្ដាខេត្តនានា
រាល់ពេលទំនេរ ឬសម្រាកពីការងារផ្សេងៗ ប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវវ័យ និងជនបរទេសដែលរស់នៅកម្ពុជាមួយចំនួនផង បានជ្រើសរើសការធ្វើដំណើរកម្សាន្ដតាមរយៈការជិះរថភ្លើង ទៅកាន់បណ្ដាខេត្តនានា នៅក្នុងប្រទេសកម្ពុជា។

លោក សៅ ផានិត អ្នកបម្រើការលើរថភ្លើង នៃក្រុមហ៊ុនរ៉ូយ៉ារេលវេ ROYAL RAILWAY បានប្រាប់សារព័ត៌មានកម្ពុជាថ្មីថា សម្រាប់ខ្សែរថភ្លើងគឺមាន ២ខ្សែ។ ខ្សែទី ១. ភ្នំពេញ ទៅកាន់ភាគខាងជើង នៃប្រទេសកម្ពុជា មានដូចជា៖ ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ និងខេត្តបាត់ដំបង។ ចំណែកឯខ្សែទី ២. ភ្នំពេញ ទៅកាន់ភាគខាងត្បូងប្រទេសដូចជា៖ ខេត្តកំពត ព្រះសីហនុ កោះកុង និងខេត្តកែប។


លោកបន្ថែមទៀតថា សម្រាប់តម្លៃសំបុត្រភ្ញៀវជាតិ និងបរទេស ក្នុងម្នាក់តម្លៃ ២៨,០០០រៀល ស្មើនឹង ៧ដុល្លារ ហើយភ្ញៀវទាំងអស់ក៏អាចកក់សំបុត្រ មុនពេលចេញដំណើរកម្សាន្តបានដែរ។ ចំណែកការផ្ញើអីវ៉ាន់វិញ គឺអាស្រ័យទៅលើប្រភេទ និងទំហំនៃអីវ៉ាន់ទាំងនោះ។

លោក សៅ ផានិត បញ្ជាក់ថា ភាគច្រើនភ្ញៀវដែលអញ្ជើញមកទិញសំបុត្ររថភ្លើង មានចំនួនច្រើនគឺថ្ងៃចុងសប្ដាហ៍ និងថ្ងៃបុណ្យជាតិផ្សេងៗ ពីព្រោះពួកគាត់ធ្វើដំណើរទៅកាន់ស្រុកកំណើត និងការធ្វើដំណើរកម្សាន្តតាមបណ្ដាខេត្តនានា នៃប្រទេសកម្ពុជា។ លោកបន្តទៀតថា សម្រាប់ថ្ងៃធម្មតា ភាគច្រើនភ្ញៀវដែលអញ្ជើញមកទិញសំបុត្រ ភាគច្រើននោះគឺភ្ញៀវបរទេស ហើយចំពោះភ្ញៀវជាតិវិញ គឺនៅមានចំនួនតិចតួចណាស់។

កញ្ញា ព្រុំ រតនា និស្សិតផ្នែកធនាគារ និងហិរញ្ញវត្ថុ នៃសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រាប់កម្ពុជាថ្មីថា កញ្ញា និងមិត្តរួមថ្នាក់បានជ្រើសរើសយកមធ្យាបាយ ជិះរថភ្លើងដើម្បីធ្វើដំណើរកម្សាន្តទៅកាន់ខេត្តកែប នាថ្ងៃចុងសប្ដាហ៍ ។ កញ្ញាបន្តថា កន្លងមកកញ្ញាធ្លាប់តែធ្វើដំណើរតាមរថយន្ត និងម៉ូតូ ដើម្បីចុះទៅកម្សាន្តតាមបណ្ដាខេត្តនានា តែពេលនេះកញ្ញាចង់ផ្លាស់ប្ដូរបទពិសោធន៍មកជិះរថភ្លើងវិញ តើវាមានភាពខុសប្លែកអ្វីខ្លះ? ក្រៅពីការធ្វើដំណើរតាមរថយន្ត និងម៉ូតូកន្លងទៅ។

ចំណែកលោក សុខ សម្បត្តិ បុគ្គលិកធនាគារ ABA បានប្រាប់កម្ពុជាថ្មីទាំងទឹកមុខរីករាយថា លោកធ្លាប់បានជិះរថភ្លើងទៅកាន់បណ្ដាខេត្តចំនួន ២ដងរួចមកហើយ។ លោកបន្ថែមថា ការជិះរថភ្លើងធ្វើឲ្យគ្រប់គ្នាទទួលបានអារម្មណ៍ថា ស្រស់ស្រាយ បានមើលពីទេសភាពព្រៃភ្នំតាមដងផ្លូវ ជាពិសេសគឺផ្លូវទៅកាន់ខេត្តកែប ដែលលោកធ្លាប់បានទៅឃើញកន្លងមក។ លោក សុខ សម្បត្តិ បានផ្ដាំផ្ញើទៅកាន់ ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវបរទេសទាំងអស់ សាកល្បងបទពិសោធន៍ជិះរថភ្លើង ដើម្បីធ្វើដំណើរកម្សន្តឆ្ពោះទៅកាន់ខេត្តផ្សេងៗ នៃប្រទេសកម្ពុជា៕
អត្ថបទ៖ សួស សិត




-
ចរាចរណ៍៦ ម៉ោង ago
ស្នងការខេត្តប៉ៃលិន បំភ្លឺជុំវិញករណីគ្រោះថ្នាក់ចរាចណ៍បណ្តាលឱ្យស្លាប់ភាគីជិះម៉ូតូ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា១ ថ្ងៃ ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម