ព័ត៌មានជាតិ
កំពង់ផែទេសចរណ៍ខេត្តកំពត នឹងបើកឲ្យប្រើប្រាស់ជាផ្លូវការនៅដើមខែមេសានេះ
ក្រុមការងារអន្តរស្ថាប័ន កាលពីសប្តាហ៍មុននេះ បានចុះពិនិត្យទីតាំងសម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត ដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ៣ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
ក្រុមមន្រ្តីដែលបានចុះពិនិត្យទីតាំង សម្រាប់ត្រៀមរៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ដឹកនាំដោយ លោក យូ ស៊ុនឡុង រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជានាយករងខុទ្ទកាល័យសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី និងក៏មានការចូលរួមពីមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធក្នុងគោលបំណងធានាឱ្យដំណើរការកម្មវិធីប្រព្រឹត្តទៅបានយ៉ាងរលូនតាមផែនការដែលបានគ្រោងទុក។

បន្ទាប់ពីបានចុះពិនិត្យទីតាំងដោយក្រុមមន្រ្តីពាក់ព័ន្ធ បានសម្រេចជ្រើសរើសយកទីតាំងសម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំពង់ផែទេសចរណ៍អន្តរជាតិកំពត ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅកក្នុងភូមិសាស្ត្រភូមិជុំគ្រៀល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត។
ក្រោយបញ្ចប់ការសាងសង់ កំពង់ផែទេសចណ៍អន្តរជាតិខេត្តកំពត បានបើកឲ្យដំណើរការបណ្តោះអាសន្នកាលពីអំឡុងខែធ្នូ ឆ្នាំ ២០២៤។



ថ្លែងនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា កំពង់ផែទេសចរណ៍អន្ដរជាតិខេត្តកំពត នឹងក្លាយជាមធ្យោបាយតភ្ជាប់ការធ្វើដំណើរ ការដឹកជញ្ជូនរយៈពេលវែង និងប្រកបដោយភាពប្រទាក់ក្រឡា។
សម្តេចធិបតីបានគូសបញ្ជាក់ថា តាមរយៈកំពង់ផែនេះ នឹងជួយសម្រួលដល់ការតភ្ជាប់ប្រទាក់ក្រឡាការធ្វើដំណើរ និងការដឹកជញ្ជូន ព្រមទាំងចូលរួមការធ្វើពិពិធកម្មសេដ្ឋកិច្ច និងចាប់យកកាលានុវត្តភាពថ្មីៗ ដូចជា ការរួមទាក់ទាញវិនិយោគផ្ទាល់ និងទេសចរពីបរទេស ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។
កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សាងសង់នៅលើផ្ទៃដីទំហំ ៤ ហិកតា ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ដែលចាប់ផ្ដើមសាងសង់នៅខែសីហា ឆ្នាំ២០១៨ និងសម្រេចរួចរាល់នាចុងឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាជាង ១១ លានដុល្លារ ក្រោមគម្រោងហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
រដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធិដល់ក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក (AZ Builders) ក្នុងការធ្វើប្រតិបត្តិការគ្រប់គ្រង និងថែទាំកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។ ក្នុងកិច្ចព្រមព្រៀងភាពជាដៃគូរវិនិយោគរវាងរដ្ឋ និងឯកជន (PPP) ក្រុមហ៊ុន AZ Builder ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនខ្មែរ AZ GROUP ត្រូវអនុវត្តកាតព្វកិច្ចចាំបាច់មួយចំនួនដូចជា ការជីកបូមស្ដារផ្លូវទឹកឱ្យបានធំទូលាយ ការសិក្សាបន្ថែមលើបច្ចេកទេសនាវាចរ ការបំពាក់ឧបករណ៍សញ្ញាជំនួយនាវាចរ និងការវិនិយោគមួយចំនួនលើហេដ្ឋារចនាសម្ព័ន្ធ សុវត្តិភាពកំពង់ផែ ដែលធានាថាកំពង់ផែនេះនឹងក្លាយជាកំពង់ផែទេសចរណ៍អន្តរជាតិពេញលេញ ស្របតាមបទដ្ឋានបច្ចេកទេសជាតិ និងអន្តរជាតិ។
បើតាមមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត អាចតភ្ជាប់ប្រព័ន្ធផ្លូវទឹកដ៏សំខាន់រវាងខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកែប ក៏ដូចជាតភ្ជាប់ផ្លូវទស្សនាចរសមុទ្រជាមួយបណ្ដាកំពង់ផែទេសចរណ៍នៅកោះត្រល់ ប្រទេសវៀតណាម និងបណ្ដាកំពង់ផែទេសចរណ៍នៅប្រទេសថៃជាដើម ដែលអាចឱ្យនាវាដឹកភ្ញៀវទេសចរចូលចតយ៉ាងងាយស្រួល៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៥ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


