ព័ត៌មានជាតិ
យុវជនគួរចូលរួមលេងល្បែងប្រជាប្រិយខ្មែរ ដើម្បីលើកកម្ពស់សង្ក្រាន្តខ្មែរ!
ពេលឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិ ឬសង្ក្រាន្តខ្មែរជិតឈានចូលមកដល់ម្ដងៗ ការលេងល្បែងប្រជាប្រិយតែងតែបានក្លាយជាប្រធានបទឈានមុខគេនៅលើប្រព័ន្ធផ្សព្វផ្សាយ រួមមាន វិទ្យុ ទូរទស្សន៍ ការសែតអនឡាញ និងបណ្ដាញសង្គមនានា។ ក្នុងការជជែកវែកញែកលើប្រធានបទនេះ មានការបញ្ចេញមតិខុសៗគ្នា ទោះបីជាយ៉ាងណាក៏ដោយ ក៏ជារួមមតិយោបល់ទាំងនោះ សុទ្ធតែបានបង្ហាញអំពីការព្រួយបារម្មណ៍ខ្លាចបាត់បង់ល្បែងប្រជាប្រិយខ្មែរដែលជាផ្នែកដ៏សំខាន់មួយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឬសង្ក្រាន្តខ្មែរ ពីព្រោះតែជាទូទៅ គេសង្កេតឃើញថា យុវជនខ្មែរភាគច្រើនមិនសូវនិយមលេងល្បែងប្រជាប្រិយទេនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ឬសង្ក្រាន្តខ្មែរ។

តើត្រូវធ្វើដូចម្ដេច ដើម្បីលើកទឹកចិត្ត ឬជំរុញយុវជនខ្មែរឱ្យងាកមកចូលរួមលេងល្បែងប្រជាប្រិយខ្មែរវិញ?
ល្បែងប្រជាប្រិយខ្មែរដែលប្រជាជនខ្មែរនិយមលេងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីឬ សង្ក្រាន្ត និងក្នុងពិធីបុណ្យផ្សេងៗ រួមមាន ស្ដេចចង់ ចោលឈូង ចាប់កូនខ្លែង លោតអន្ទាក់ លាក់កន្សែង ឱបត្រឡាច គ្របមាន់ បិទពួន បោះអង្គញ់ គោះត្រឡោក ទាត់សី ទាញព្រ័ត្រ រាវបង្កង ចត្រង្គ ឬអុក បាយខុំ ស្វាដណ្ដើមស្លឹកឈើ លោតបាវ រាំទូលក្អម វាយក្អម ខាំប៉ិកគក់ បូមទឹកដាក់ដប។ល។ ល្បែងប្រជាប្រិយទាំងនេះ មានកំណើតតាំងពីយូរយារណាស់មកហើយ។ ក្នុងសម័យដើម ល្បែងប្រជាប្រិយនេះ មានភាពពេញនិយមណាស់ មិនមែនតែយុវជនទេដែលចូលចិត្តលេងល្បែងនេះ សូម្បីតែមនុស្សចាស់ក៏ចូលរួមលេងល្បែងនេះជាមួយយុវជនដែរ។ លើសពីនេះទៀត ពួកគេថែមទាំងបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកទឹកចិត្ត ការផ្ដួចផ្ដើមគំនិត និងការរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយទាំងអស់នេះទៀតផង។

ក្នុងអតីកាល ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឬសង្ក្រាន្តភាគច្រើនលើសលប់គេធ្វើឡើងនៅក្នុងទីអារាម ដែលជាកន្លែងដ៏សមរម្យ និងពេញនិយមបំផុតសម្រាប់ការរៀបចំពិធីបុណ្យផ្សេងៗ រួមទាំងពិធីសង្ក្រាន្ត។ ក្រៅពីនេះ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឬសង្ក្រាន្តក៏មានធ្វើនៅទីសាធារណៈដែរ។ បច្ចុប្បន្ន ទីអារាមមួយចំនួន ជាពិសេស អារាមនៅរាជធានី ទីក្រុង ឬទីប្រជុំជនមួយចំនួន លែងមានភាពសមស្របសម្រាប់ការរៀបចំពិធីសង្ក្រាន្តទៀតហើយ ដោយសារអារាមទាំងនោះសម្បូរទៅដោយសំណង់ផ្សេងៗច្រើនពេក ដូចជា កុដិ ចេតិយ ម៉ុង ជាដើម។
សម័យបច្ចុប្បន្ននេះ សាលារៀនទាំងរដ្ឋ ទាំងឯកជន និងស្ថាប័នរដ្ឋមួយចំនួនក៏បាន ប្រារព្ធពិធីអបអរសាទរដើម្បីលើកម្ពស់ប្រពៃណីទំនៀមទម្លាប់ខ្មែរ និងបានរៀបចំឱ្យមានការលេងល្បែងប្រជាប្រិយខ្មែរដែរនៅមុនពេលដែលពិធីសង្ក្រាន្តផ្លូវការចូលរមកដល់។ ប៉ុន្តែ ការរៀបចំលេងល្បែងប្រជាប្រិយទាំងនោះ ហាក់ដូចជានៅមានកម្រិត មិនសូវមានភាពផុលផុស និងអធិកអធមនៅឡើយ ហើយយុវជនមួយចំនួន ក៏មិនសូវបានចូលរួមលេងយ៉ាងសកម្មនូវល្បែងប្រជាប្រិយទាំងនោះដែរ។ ពួកគេហាក់ដូចជាងារកទៅចូលចិត្តលេងបាញ់ទឹក ប៉ាតម្សៅ ទៅវិញ។ ក្នុងស្ថានភាពបែបនេះ បានធ្វើឱ្យអ្នកស្រឡាញ់វប្បធម៌ ប្រពៃណីជាតិ បង្ហាញការព្រួយបារម្មណ៍អំពីការបាត់បង់ការលេងល្បែងប្រជាប្រិយខ្មែរក្នុងចំណោមយុវជន។

តើយើងត្រូវធ្វើដូចម្ដេច ដើម្បីដោះស្រាយបញ្ហានេះ? នេះ គឺជាសំណួរដ៏សំខាន់មួយ។ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងក្នុងឆ្នាំ២០២៥នេះដែរ យើងសង្កេតឃើញក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនដែលគ្រោងរៀបចំពិធីអបអរសាទរសង្ក្រាន្តខ្មែរ រួមគ្នាលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ដើម្បីចូលរួមអភិរក្ស និងលើកកម្ពស់វប្បធម៌ខ្មែរ។ ក្រៅពីនេះ ក្រសួងពាក់ព័ន្ធនានា និងអ្នកជំនាញខាងវប្បធម៌ ក៏សុទ្ធតែបានបញ្ចេញគំនិតរបស់ខ្លួន ដើម្បីលើកទឹកចិត្ត និងជំរុញឱ្យយុវជនចូលរួមលេងល្បែង និងរបាំប្រជាប្រិយខ្មែរដែរ។
ចំណែកឯអាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ វិញ ក៏តែងខិតខំរៀបចំសង្ក្រាន្តនៅតាមដែនដីរបស់ខ្លួនដែរ ដែលក្នុងនោះ មានការរៀបចំល្បែងកម្សាន្តផ្សេងៗ រួមទាំងល្បែង និងរបាំប្រជាប្រិយខ្មែរ។ យោងតាមបទពិសោធប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា យុវជនមួយចំនួនបានងាកមកចូលចិត្ត និងលេងល្បែងប្រជាប្រិយខ្មែរជាបណ្ដើរៗវិញហើយ។ យើងសង្ឃឹមថា ក្នុងពេលអនាគត យុវជននឹងបន្តងាកមកចូលចិត្ត និងលេងល្បែង និងរបាំប្រជាប្រិយខ្មែរកាន់តែច្រើនឡើង។

ទោះបីជាយ៉ាងនេះក៏ដោយ ក៏ការលេងល្បែង និងរបាំប្រជាប្រិយខ្មែរមិនអាចងាកទៅរកសភាពដើមដូចក្នុងអតីតកាលទាំងស្រុងបានទេ ពីព្រោះ ក្រៅពីឥទ្ធិពលនៃវប្បធម៌បរទេសមកលើសង្គមខ្មែរ ជាពិសេស មកលើយុវជន សង្គមខ្មែរខ្លួនឯង ជាពិសេស មនុស្សសម័យថ្មីក៏បានផ្លាស់ប្ដូររសជាតិ រសនិយមខ្លះដែរអំពីការលេងល្បែង និងរបាំប្រជាប្រិយខ្មែរ។ ហេតុនេះហើយបានជាយើងសង្កេតឃើញថាមនុស្សបច្ចុប្បន្នបានបង្កើតល្បែង និងរបាំថ្មីៗបន្ថែមទៀត ដើម្បីបំពេញតម្រូវការនៃរសជាតិ ឬរសនិយមរបស់ពួកគេ។

ការបង្កើតថ្មី ឬនវនុវត្តន៍ខាងវប្បធម៌ គឺជារឿងដែលគួរធ្វើ ដើម្បីបំពេញសេចក្ដីត្រូវការរបស់មនុស្សជំនាន់ថ្មី ជាពិសេស ពួកយុវជន ប៉ុន្តែ ការបង្កើតទាំងនោះ ត្រូវផ្អែកលើមូលដ្ឋាននៃអត្តសញ្ញាណវប្បធម៌ជាតិខ្មែរ កុំចម្លងពីវប្បធម៌បរទេសដែលអាចធ្វើឱ្យយើងបាត់បង់តម្លៃ និងចូលរួមផ្សព្វផ្សាយវប្បធម៌បរទេសដោយមិនដឹងខ្លួន។ ហេតុនេះ បើចង់លើកម្ពស់ អភិរក្ស និងអភិវឌ្ឍសិល្បៈ វប្បធម៌ ក៏ដូចជា ល្បែង និងរបាំប្រជាប្រិយខ្មែរ ទាល់តែទាំងយុវជន ទាំងមនុស្សចាស់ និងតួអង្គពាក់ព័ន្ធទាំងអស់ចូលរួមគ្នាសិក្សា ស្រាវជ្រាវ ប្រមូល ចងក្រង បង្ហាញ ផ្សព្វផ្សាយ និងចូលរួមលេង សម្ដែង ទស្សនា សិល្បៈ វប្បធម៌ ក៏ដូចជា ល្បែង និងរបាំប្រជាប្រិយខ្មែរទាំងអស់គ្នា ទើបពួកវាគង់វង្សយូរអង្វែង និងអាចរក្សាបាននូវអត្តសញ្ញាណនៃវប្បធម៌ខ្មែរ ក៏ដូចជា ការលើកកម្ពស់សង្ក្រាន្តខ្មែរ៕
ដោយ៖ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា និងអ្នកតាមដានកិច្ចសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


