KPT+
កុំចេះតែដាច់យប់ពេក គេងឲ្យបានគ្រប់គ្រាន់ចៀសវាងបញ្ហាទាំងនេះ
យើងដឹងហើយថាការគេងគ្រប់គ្រាន់មានប្រយោជន៍ច្រើនដល់សុខភាព ប៉ុន្តែដោយយើងមានការរវល់ជាមួយនឹងការងារ ការថែទាំកូន ឬកិច្ចការផ្សេងៗអាចធ្វើឲ្យយើងគេងមិនគ្រប់គ្រាន់។ ការគេងមិនគ្រប់គ្រាន់អាចមានផលប៉ះពាល់អវិជ្ជមានច្រើនដល់ផ្នែកផ្សេងៗនៃរាងកាយ។

១. ខួរក្បាល
នៅពេលគេងខួរក្បាលយើងគឺជាផ្នែកមួយដែលសកម្មជាងគេដោយខួរក្បាលដំណើរការព័ត៌មានដែលយើងបានទទួលអំឡុងពេលថ្ងៃ បង្កើតការចងចាំថ្មីៗ ពង្រឹងនូវអ្វីដែលយើងបានរៀន និងបោះបង់នូវអ្វីដែលមិនសំខាន់។ ជាក់ស្ដែង ការគេងមិនគ្រប់គ្រាន់មុនពេលប្រលងតែងប៉ះពាល់ដល់ការប្រលង ព្រោះយើងបានព្យាយាមប្រមូលព័ត៌មាននៅក្នុងខួរក្បាល ប៉ុន្តែខួរក្បាលមិនមានការដំណើរការ និងរក្សាព័ត៌មានទាំងនោះបានល្អឡើយ។ ម៉្យាងទៀត ការគេងមិនគ្រប់គ្រាន់អាចផ្តល់ផលប៉ះពាល់អវិជ្ជមានទៅលើការធ្វើការសម្រេចចិត្ត ដោះស្រាយបញ្ហា និងការគ្រប់គ្រងអារម្មណ៍។
២. ភ្នែក

ការសិក្សាមួយនៅឆ្នាំ២០១៣ បានឲ្យដឹងថាអ្នកដែលគេងមិនគ្រប់គ្រាន់តែងមានត្របកភ្នែកធ្លាក់ ភ្នែកក្រហម ភ្នែកហើម និងមានរង្វង់ខ្មៅក្រោមភ្នែកច្រើនជាងអ្នកដែលបានគេង៨ម៉ោង។ ការគេងមិនគ្រប់គ្រាន់មិនត្រឹមតែប៉ះពាល់លើរូបរាងទេ តែក៏ធ្វើឲ្យសាច់ដុំជុំវិញភ្នែកមិនបានសម្រាកគ្រប់គ្រាន់អាចបង្កឲ្យមានអាការៈកន្ត្រាក់ភ្នែក។ អាការៈនេះមិនមានគ្រោះថ្នាក់ដល់គំហើញទេ ប៉ុន្តែអាចជាការរំខាន។ ក្នុងករណីធ្ងន់ធ្ងរ អាចបង្កឲ្យមានជំងឺទឹកដក់បាតភ្នែក (glaucoma) និង anterior ischemic optic neuropathy (ស្ទះសរសៃឈាមបាតភ្នែក) ដែលទាំងនេះសុទ្ធតែអាចធ្វើឲ្យបាត់បង់គំហើញបាន។
៣. បេះដូង
សម្ពាធឈាមមានការធ្លាក់ចុះអំឡុងពេលគេង ប៉ុន្តែបើគេងមិនគ្រប់គ្រាន់ សម្ពាធឈាមនឹងនៅខ្ពស់ក្នុងរយៈពេលយូរ។ នេះអាចបណ្ដាលឲ្យមានជំងឺលើសសម្ពាធឈាមរ៉ាំរ៉ៃ ហើយក៏អាចបង្កើនហានិភ័យជំងឺបេះដូង និងជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ ម៉្យាងទៀត ការគេងមិនគ្រប់គ្រាន់អាចប៉ះពាល់ដល់បេះដូងដោយប្រយោលដោយការញ៉ាំអាហារមិនល្អចំពោះសុខភាព កម្រិតស្ត្រេសខ្លាំង និងមិនចង់ហាត់ប្រាណ។
៤. ស្បែក
នៅពេលយើងគេង ស្បែកនឹងធ្វើការជួលជុលកោសិកាខូចខាត ហើយការគេងមិនគ្រប់គ្រាន់បង្កើនកម្រិតនៃការរលាក និងអ័រម៉ូនស្ត្រេសដែលអាចធ្វើឲ្យបញ្ហាស្បែក (មុន ជំងឺត្រអក និងជំងឺស្បែក psoriasis) កាន់តែធ្ងន់ធ្ងរទៅ។
៥. ឆ្អឹង និងសាច់ដុំ
អ័រម៉ូនសម្រាប់មនុស្សលូតលាស់គឺបញ្ចេញអំឡុងពេលគេង និងមានតួនាទីក្នុងការបង្កើត ជួសជុល និងរក្សាសាច់ដុំ និងឆ្អឹង។ ការគេងមិនគ្រប់គ្រាន់ធ្វើឲ្យការជួសជុលសាច់ដុំ និងការជាសះស្បើយចុះខ្សោយ។ ការសិក្សាដែលសិក្សាលើស្ត្រីអស់រដូវ១១ ០០០នាក់ចេញផ្សាយនៅឆ្នាំ២០១៩ ក្នុងព្រឹត្តិបត្រវិទ្យាសាស្ត្រ Journal of Bone and Mineral Research បានរកឃើញថាការគេងប្រាំម៉ោង ឬតិចជាងនេះទាក់ទងទៅនឹងការថយចុះនៃជាតិរ៉ៃក្នុងឆ្អឹង និងជំងឺពុកឆ្អឹង។
៦. ទម្ងន់
ការគេងមិនគ្រប់គ្រាន់អាចបង្កឲ្យយើងញ៉ាំច្រើនហួសកំណត់។ នៅពេលយើងគេងបានតិច អ័រម៉ូនលិបទីន (leptin) ដែលជាអ័រម៉ូនទប់ការឃ្លានថយចុះ និងធ្វើឲ្យអ័រម៉ូនគ្រែលលីន (ghrelin) ដែលជាអ័រម៉ូនជំរុញចំណង់អាហារកើនឡើងវិញ ហើយនេះបង្កឲ្យឡើងទម្ងន់។ បន្ថែមពីនេះទៀត ពេលគេងមិនគ្រប់គ្រាន់ រាងកាយក៏មិនអាចគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបានល្អទេដែលនេះអាចបង្កើនហានិភ័យ ជំងឺទឹកនោមផ្អែមប្រភេទ២ ។ នេះបើយោងតាមវិទ្យាស្ថានសុខាភិបាលជាតិសហរដ្ឋអាមេរិក៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ការស្រាវជ្រាវថ្មី៖ អ្នកគេងមិនសូវលក់ពេលយប់ ឬឧស្សាហ៍ធ្វើការអស់កម្លាំង ងាយឆ្លងជំងឺកូវីដ១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


