Connect with us

ព័ត៌មានអន្ដរជាតិ

អតីតជំទាវទីមួយកូរ៉េខាងត្បូង Kim Keon Hee ត្រូវ​ចាប់ខ្លួន​ដាក់ពន្ធនាគារ​ពីបទពុករលួយ

បានផុស

នៅ

អតីតជំទាវទីមួយរបស់កូរ៉េខាងត្បូង Kim Keon Hee ត្រូវបានចាប់ខ្លួនដាក់​ពន្ធនាគារ​កាលពីថ្ងៃទី​១២​ខែសីហា​ឆ្នាំ​២០២៥ បន្ទាប់ពីតុលាការក្រុងសេអ៊ូលបានអនុម័តដីកាលើការចោទប្រកាន់ពីបទពុករលួយជាច្រើនករណី រួមទាំងការស៊ីសំណូក និងការក្លែងបន្លំភាគហ៊ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកស្រី Kim Keon Hee បង្ហាញ​ខ្លួន​នៅ​តុលាការ​ក្រុង​សេអ៊ូល​ថ្ងៃទី​១២​សីហា​២០២៥ (រូបថត៖ Reuters)

លោកស្រី Kim បាន​​ក្លាយជា​អតីត​ជំទាវ​ទីមួយ​ដំបូង​គេ​របស់​កូរ៉េ​ខាង​ត្បូង ​ដែល​ត្រូវបាន​ឃុំខ្លួន ខណៈ​ស្វាមី​របស់​​លោកស្រី​​ដែល​ជា​​អតីត​ប្រធានាធិបតី Yoon Suk Yeol ក៏​​កំពុងត្រូវ​​ជាប់​ពន្ធនាគារ​ផង​ដែរ ដោយ​ប្រឈមមុខ​នឹង​ការកាត់ទោស​ពីបទ​បះបោរ និង​ការរំលោភបំពាន​អំណាច​។

តុលាការកណ្តាលក្រុងសេអ៊ូល បានចេញ​ដីកា​ចាប់​ខ្លួន បន្ទាប់ពីមានការអះអាងថា លោកស្រី Kim បានទទួលយកអំណោយដ៏ប្រណិតដោយខុសច្បាប់ ដូច​ជា បន្តោង​ខ្សែ ក Van Cleef តម្លៃជាង ៦០​លានវ៉ុន និងកាបូបម៉ាក Chanel។ រដ្ឋ​អាជ្ញាចោទប្រកាន់ថា លោកស្រី​បានទទួលរបស់ទាំងនេះជាថ្នូរនឹងការអនុគ្រោះផ្នែកនយោបាយ ជាមួយនឹងម្ចាស់ជំនួយ រួមទាំងឥស្សរជនអាជីវកម្ម និងក្រុមសាសនា។

ក្នុងអំឡុងពេលសវនាការ លោកស្រី Kim ដែលស្លៀកពាក់ឈុតខ្មៅ បានរក្សាភាពស្ងៀមស្ងាត់ ខណៈរង់ចាំការសម្រេច​របស់​តុលាការ មុនពេលត្រូវ​បញ្ជូន​ខ្លួន​​ទៅមន្ទីរឃុំឃាំង។ រដ្ឋ​អាជ្ញាបានបញ្ជាក់​ថា ការចាប់ខ្លួនលោកស្រី​គឺជាការចាំបាច់ ដោយសារតែមានការព្រួយបារម្ភថា លោកស្រី​អាចនឹងរំខានដល់ព័ស្តុតាង។

លោកស្រី Kim បានបដិសេធរាល់ការចោទប្រកាន់ ដោយអះអាងថា បន្តោង​ខ្សែ ក នោះជារបស់ក្លែងក្លាយ ដែលបានទិញរាប់​សិប​ឆ្នាំ​មុន​មក​ម៉្លេះ​នៅ​ទីក្រុងហុងកុង។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកស៊ើបអង្កេតទទូចថា វាគឺជាអំណោយពីក្រុមហ៊ុនសំណង់​មួយ ដែល​ឲ្យ​លោកស្រី​ពាក់នៅក្នុងកិច្ចប្រជុំកំពូលរបស់​អង្គការ​ណាតូឆ្នាំ​២០២២។ ក្រុម​មេធាវី​របស់​លោកស្រី​​ធ្លាប់​បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​នេះ​ថា​គ្មាន​មូលដ្ឋាន។

បើ​និយាយ​ពី​ស្វាមី​លោកស្រី​វិញ គឺ​លោក Yoon កំពុង​ប្រឈមមុខនឹងការចោទប្រកាន់យ៉ាងធ្ងន់ធ្ងរ ពាក់ព័ន្ធ​នឹង​​ការ​ប្រកាស​ច្បាប់អាជ្ញាសឹក ដែលអាចជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត ឬ​​សូម្បីតែ​ទោសប្រហារជីវិត៕

លោក Yoon Suk Yeol និង​ភរិយា Kim Keon-hee នៅ​ព្រលាន​យន្តហោះ​តូក្យូឆ្នាំ​២០២៣ (រូបថត៖ Reuters)

ដោយ៖ ឈាង

ចុចអាន៖ រដ្ឋអាជ្ញាកូរ៉េខាងត្បូង ចោទសួរអតីតជំទាវទី ១ ពាក់ព័ន្ធសំណុំរឿងពុករលួយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម