Connect with us

សេដ្ឋកិច្ច

​ទំហំពាណិជ្ជកម្មទ្វេភាគី​កម្ពុជា-ចិន ​កើន​ឡើងជិត ២០ ​ពាន់លានដុល្លារ ​នៅ​ឆ្នាំ ២០២៥​

បានផុស

នៅ

ការ​ដោះដូរ​ទំនិញ​កម្ពុជា-​ចិន ​សម្រេច​បាន​ជាង ​១៩,៧៣ ​ពាន់​លានដុល្លារ នៅក្នុងឆ្នាំ ២០២៥ កើនឡើងជិត ៣០% ធៀបនឹងឆ្នាំ ២០២៤ ​ដែលមានទឹកប្រាក់ ១៥ ​ពាន់លានដុល្លារ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទិន្នន័យ​របស់​អគ្គ​នា​យក​ដ្ឋាន​​គយ និង​រដ្ឋាករ​កម្ពុជា (GDCE)​ បង្ហាញថា នៅក្នុងឆ្នាំ ២០២៥ ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-ចិន សម្រេច​បាន ​១៩,៧៣ ​ពាន់​លានដុល្លារ ក្នុងនោះកម្ពុជា​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិន​មានតម្លៃ ១,៦៨ ពាន់លានដុល្លារ ធ្លាក់ចុះ ៣,៦៤% ​ចំណែក​ឯ​ចិន​នាំ​ចូល​មកវិញ មាន​តម្លៃ ​១៨ ពាន់លានដុល្លារ កើនឡើង ៣៤,២៩%។

​ទំនិញ​កម្ពុជា​នាំ​ទៅ​ប្រទេស​ចិនភាគច្រើនគឺជាផលិតផលកសិកម្ម គ្រឿង​សង្ហារឹម គ្រឿង​អលង្ការ និង​ផលិតផល​វាយ​នភណ្ឌ ចំណែក​ទំនិញ​ដែល​ប្រទេស​ចិន​នាំ​មក​កម្ពុជា​ មាន​ដូចជា ​វត្ថុធាតុដើម​សម្រាប់​រោងចក្រ ​សហគ្រាស ផលិត​ផលប្រើ​ប្រាស់​ប្រចាំថ្ងៃ ​​អាហារ ភេសជ្ជៈ រថយន្ត គ្រឿង​ម៉ាស៊ីន គ្រឿង​សំណង់ គ្រឿងអគ្គិសនី អេឡិចត្រូនិក។ ​

​អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់កម្ពុជាថ្មីថា កម្ពុជាអនុវត្តនូវកិច្ច​ព្រម​ព្រៀង RCEP ​ធ្វើឱ្យពាណិជ្ជកម្មកម្ពុជា-ចិនកើនឡើង ​ខណៈកម្ពុជា ​ក៏មានកិច្ចព្រមព្រៀង​ពាណិជ្ជ​កម្ម​សេរីជាមួយចិន។

លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា រាជរដ្ឋាភិបាល​នៅតែបោះ​ជំហាន​យ៉ាងស្វាហាប់តាមមា​គា​អភិវឌ្ឍន៍​សេដ្ឋកិច្ច ​ពាណិជ្ជកម្ម ដោយ​បន្តធ្វើ​សមា​ហរណកម្មទៅក្នុង​សេដ្ឋកិច្ចតំបន់ និងពិភព​លោកស្រប​តាមចក្ខុវិស័យ និងអភិក្រមពង្រឹង​ទីផ្សារ​ចាស់ និងពង្រីក​ទីផ្សារ​ថ្មី និងបន្ត​អនុសាសន៍​កែទម្រង់រស់ ​មិនកែទម្រង់ស្លាប់ ​សំដៅលើក​កម្ពស់​អភិបាល​កិច្ចស្ថាប័ន ​ពង្រឹង​ប្រសិទ្ធភាពនៃការ​ផ្ដល់សេវា​សា​ធារណៈ ដើម្បីអភិវឌ្ឍន៍វិស័យ​ពាណិជ្ជកម្ម​ប្រកប​ដោយចីរភាព​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម