Connect with us

សេដ្ឋកិច្ច

ម្ចាស់សហគ្រាស ឡឹង ម៉ានុត ៖ តម្រូវការគ្រាប់ស្វាយចន្ទី មានការកើនឡើង

បានផុស

នៅ

ត្បិតតែមានការដាំដុះស្វាយចន្ទីច្រើន ពីសំណាក់ប្រជាពលរដ្ឋ តាមបណ្តាខេត្តមួយចំនួន រួមមាន៖ ខេត្តកំពង់ចាម, កំពង់ធំ, សៀមរាប, ព្រះវិហារ, ប៉ៃលិន, ឧត្តរមានជ័យ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី។ ដោយឡែកចំពោះការកែច្នៃគ្រាប់ស្វាយចន្ទី នៅមានកម្រិតនៅឡើយ ដោយសារតែខ្សែចង្វាក់ផលិតកម្មក្នុងស្រុក មានការផលិតតិចតួចគ្រាន់តែលក់ក្នុងស្រុកបានត្រឹមតែ ១០ភាគរយប៉ុណ្ណោះ។ ចំណែកផលិតកម្ម មិនទាន់កែច្នៃគ្រាប់ស្វាយចន្ទី មានរហូតដល់ ៩០ភាគ រយ។ នេះយោងតាមរបាយការណ៍ 0pen development Cambodian បានផ្សាយ។

ក្រសួងជំនាញ កាលពីពេលថ្មីៗនេះ បានយកចិត្តទុកដាក់ ក្នុងការជំរុញការដាំដុះស្វាយចន្ទី ឲ្យបាន ១លានតោនក្នុងឆ្នាំ២០២៩ខាងមុខ។ ទាក់ទងទៅនឹងការដាំដុះស្វាយចន្ទី សារព័ត៌មានកម្ពុជាថ្មី សូមលើកយកបទពិសោធន៍ របស់សហគ្រាសខ្នាតតូចមួយ ដែលមានទីតាំងនៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ដែលធ្វើការដាំដុះដោយខ្លួនឯង និងបានធ្វើការកែច្នៃគ្រាប់ស្វាយចន្ទី ដោយខ្លួនឯងផងដែរ។ ម្ចាស់សហគ្រាស ឡឹង ម៉ានុត បានឆ្លើយនឹងសំណួរអ្នកយកព័ត៌មាន ដូចខាងក្រោម៖

សំណួរ. តើសហគ្រាសនេះ បានដាំស្វាយចន្ទី បានប៉ុន្មានហិកតា? នៅឯណា?

ចម្លើយ. ឡឹង ម៉ានុត៖ ច៎ាស! ប៉ាខ្ញុំដាំស្វាយចន្ទីនេះលើផ្ទៃដីចំនួន ១០ហិកតា នៅក្នុងភូមិតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។

សំណួរ. តើពេលបច្ចុប្បន្ននេះ ស្វាយចន្ទីឲ្យផលបានប៉ុន្មានក្នុង ១ហិកតា? តើត្រូវប្រើប្រាស់ពូជអ្វី ដែលទទួលបានទិន្នផលខ្ពស់? ហើយបើដាំដុះវិញ ត្រូវប្រើរយៈពេលប៉ុន្មានឆ្នាំ?

ចម្លើយ. ឡឹង ម៉ានុត៖ បច្ចុប្បន្ននេះស្វាយចន្ទី ឲ្យផលបានក្នុង ១ហិកតាមានចំនួន ១តោន ឬលើស ១តោនបន្តិចបន្តួចប៉ុណ្ណោះ។ ក្នុងនោះ ស្វាយចន្ទីប្រើប្រាស់ពូជ M23 ឬ 09 ដែលជាពូជប្រជាកសិករយើ ប្រើប្រាស់ច្រើនដោយពូជស្វាយ​ចន្ទីនេះ អាចដាំដុះបាន និងទទួលផលចាប់ពី ២ឆ្នាំឡើង។

សំណួរ. តើការកែច្នៃគ្រាប់ស្វាយចន្ទី ចម្អិនលក់ចេញ ក្នុងតម្លៃណាខ្លះ?

ចម្លើយ. ឡឹង ម៉ានុត៖ ច៎ាស! ក្នុងការកែច្នៃគ្រាប់ស្វាយចន្ទីចម្អិន មានការវេចខ្ចប់ត្រឹមត្រូវ ជាកំប៉ុង ជាកញ្ចប់ ដោយក្នុង១គីឡូក្រាមតម្លៃ ៧ម៉ឺនរៀល ដូចគ្នាទៅនឹងគ្រាប់ស្វាយចន្ទី ចម្អិនទាំងសំបក និងបកសំបកហើយ។ បញ្ជាក់ជូនថា តម្លៃលក់ចេញ គ្រាប់ស្វាយចន្ទីកែច្នៃនេះនៅដដែល ពុំមានការតម្លើងថ្លៃនោះទេ សម្រាប់តម្រូវការទទួលទាន របស់បងប្អូនយើងក្នុងស្រុក។

សំណួរ. តើការកែច្នៃស្វាយចន្ទីនេះ មានទីផ្សារនាំចេញ ឬទីផ្សារក្នុងស្រុក នៅឯណាខ្លះ?

ចម្លើយ. ឡឹង ម៉ានុត៖ ច៎ាស! ចំពោះស្វាយចន្ទីចម្អិនរួចនេះ ភាគច្រើនជនជាតិចិន និយមទទួលទាន ហើយបើនៅក្នុងស្រុក គឺលក់តាមបណ្តាញបន្ត នៅតាមផ្សារដូចជាផ្សារម៉ាតធំៗ ជាដើម។ ការផលិតចំណេញតិច អាចចំណេញបានតែ២ភាគរយប៉ុណ្ណោះ ហើយអ្នកលក់បន្តអាចចំណេញច្រើនពី ១០ទៅ ២០ភាគរយ។

សំណួរ. សហគ្រាសនេះ ដំណើរការយូរមកហើយ តើគិតថា នឹងមានគម្រោងពង្រីក ការដាំដុះបន្តទៀតដែរ ឬទេ?

ចម្លើយ. ឡឹង ម៉ានុត៖ ចំពោះការដាំដុះបន្ថែមទៀត សហគ្រាសនាងខ្ញុំ ពុំមានគម្រោងពង្រីក ការដាំដុះបន្តទៀតនោះឡើយ ក៏ព្រោះតែពុំមានដើមទុនចំណាយ។ ដោយបច្ចុប្បន្ននេះ សហគ្រាស ឡឹង ម៉ានុត ត្រូវដើរប្រមូលទិញគ្រាប់ស្វាយចន្ទីល្អៗ ដោយជ្រើសរើសនៅតាមបណ្តាភូមិ ដែលជាគ្រាប់ស្វាយចន្ទីដាំដុះ ពីធម្មជាតិមិនប្រើប្រាស់ជាតិគីមីនោះឡើយ។

សំណួរ. រហូតមកដល់ពេលនេះ ខ្សែចង្វាក់ផលិតកម្ម សហគ្រាសអាចផលិត គ្រាប់ស្វាយចន្ទីកែច្នៃ បានប៉ុន្មានដែរ?

ចម្លើយ. ឡឹង ម៉ានុត៖ បើទោះជាមានជំងឺកូវីដ-១៩ កើតឡើងមួយរយៈមកនេះ ក៏ផលិតកម្មស្វាយចន្ទី នៅតែលក់ដាច់ក្នុងស្រុកដដែល ដោយហក់ឡើង ៥ភាគរយ ក្នុងការលក់ចេញ ហើយការលក់ចេញនេះ តម្រូវទៅតាមការកម៉្មង់ របស់អតិថិជន ដែលចង់បាន ៥០គីឡូក្រាម ឬ ១០០គីឡូក្រាម។

សំណួរ. តើសហគ្រាស ឡឹង ម៉ានុត មានចំណាប់អារម្មណ៍យ៉ាងណាដែរ ចំពោះការគិតគូរការ យកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញ ការដាំដុះស្វាយចន្ទីរបស់កសិករយើង ក្នុងការនាំចេញឲ្យបាន ១លានតោននាឆ្នាំ ២០២៩?

ចម្លើយ. ឡឹង ម៉ានុត៖ ច៎ាស! ខ្ញុំរីករាយណាស់ នៅពេលដែលក្រសួងគិតគូរខ្ពស់ ដល់អ្នកដាំស្វាយចន្ទី រួមទាំងអ្នកផលិតកម្ម ព្រោះកន្លងមកក្រសួងកសិកម្ម តែងបើកនូវពិព័រណ៍ក្នុងស្រុក ជួយផ្សព្វផ្សាយឲ្យអ្នកលក់ និងម៉្យាងទៀតពិនិត្យ នៅក្នុងស្ថានភាពស្រុកចំការលើ ពុំសូវអ្នកសម្បូរផលិត ការកែច្នៃគ្រាប់ស្វាយចន្ទីនេះ ច្រើននៅឡើយទេ៕

អត្ថបទ៖ កញ្ញា វ៉ាត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម