ព័ត៌មានអន្ដរជាតិ
ចិនសម្រេចគោលដៅកំណើនសេដ្ឋកិច្ច ៥ ភាគរយ នៅឆ្នាំ ២០២៤ ទោះរងការញំញីពីកម្សោយតម្រូវការក្នុងស្រុក និងកំណើនអរិភាពពាណិជ្ជកម្មពីខាងក្រៅ
ប្រទេសចិនបានកត់ត្រាពីកំណើនសេដ្ឋកិច្ចប្រមាណ ៥ ភាគរយ ក្នុងឆ្នាំ ២០២៤ ដោយតិចជាងអត្រាកំណើននៅឆ្នាំមុន ប៉ុន្តែស្របតាមគោលដៅរបស់រដ្ឋាភិបាល ដែលជំរុញដោយការនាំចេញដ៏រឹងមាំ និងវិធានការជំរុញសេដ្ឋកិច្ចផ្សេងៗ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AP។

ទិន្នន័យពីការិយាល័យស្ថិតិជាតិចិន ដែលចេញផ្សាយនៅថ្ងៃសុក្រនេះ បង្ហាញថា ការសម្រេចបាននូវកំណើនប្រចាំឆ្នាំតាមគោលដៅ ត្រូវបានជំរុញដោយភាពរឹងមាំនៃកំណើនប្រចាំឆមាសចុងក្រោយឆ្នាំ ២០២៤ ប្រមាណ ៥,៤ ភាគរយ ធៀបនឹងកំណើន ៤,៦ ភាគរយ នៅត្រីមាសទី៣។
ការណ៍គួរឱ្យកត់សម្គាល់នោះគឺថា ការនាំចេញបានកើនឡើងគួរឱ្យសម្គាល់នាចុងឆ្នាំ ខណៈក្រុមហ៊ុន និងអ្នកប្រើប្រាស់ប្រញាប់ប្រញាល់ជំរុញ «ប្រតិបត្តិការ» របស់ខ្លួន ដើម្បីជៀងវាងការដាក់ពន្ធរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដូណាល់ ត្រាំ លើទំនិញចិន។
ទន្ទឹមនឹងនេះ របាយការណ៍របស់ការិយាល័យស្ថិតិជាតិចិន បានលើកឡើងថា៖ «សេដ្ឋកិច្ចជាតិជាទូទៅមានស្ថិរភាពជាមួយនឹងការរីកចម្រើនជាលំដាប់ ហើយសមិទ្ធផលថ្មីៗត្រូវបានបង្កើតឡើងក្នុងការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់»។ ជាពិសេស របាយការណ៍បន្តថា៖ «កញ្ចប់នៃគោលនយោបាយជំរុញដែលត្រូវបានដាក់ឱ្យដំណើរការទាន់ពេលវេលា ទំនុកចិត្តសាធារណៈត្រូវបានពង្រឹងយ៉ាងមានប្រសិទ្ធភាព ហើយសេដ្ឋកិច្ចបានងើបឡើងវិញគួរឱ្យកត់សម្គាល់»។

យោងតាមទិន្នន័យ វិស័យផលិតគឺជាម៉ាស៊ីនដ៏រឹងមាំសម្រាប់កំណើននៅឆ្នាំ ២០២៤ ជាមួយនឹងទិន្នផលឧស្សាហកម្មកើនឡើង ៥,៨ ភាគរយ ធៀបនឹងឆ្នាំ ២០២៤។ ការលក់រាយសរុបនៃទំនិញប្រើប្រាស់បានកើនឡើង ៣,៥ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ ខណៈការនាំចេញបានកើនឡើង ៧,១ ភាគរយ ជាមួយនឹងកំណើននៃការនាំចូល ២,៣ ភាគរយ។
ទោះបីជាយ៉ាងណាក៏ដោយ ការសម្រេចបាននូវគោលដៅកំណើនសេដ្ឋកិច្ច ៥ ភាគរយ របស់ចិន ដំណើរការទៅដោយឆ្លងកាត់នូវភាពត្រដាបត្រដួសជាច្រើនសម្រាប់រដ្ឋាភិបាលក្រុងប៉េកាំង រួមទាំងកម្សោយនៃតម្រូវការ និងការចំណាយរបស់អ្នកប្រើប្រាស់ សម្ពាធបរិត្តផរណា ខណៈការងើបឡើងវិញពីវិបត្តិកូវីដត្រូវរអាក់រអួល ជាមួយនឹងការបន្តនៃការជាប់គាំងវិស័យអចលនទ្រព្យ។ ការណ៍នេះ បានធ្វើឱ្យសេដ្ឋវិទូខ្លះមានមន្ទិលលើតួលេខកំណើនសេដ្ឋកិច្ចរបស់រដ្ឋាភិបាលចិន។
ទោះបីជាយ៉ាងណាក៏ដោយ ស្នងការការិយាល័យស្ថិតិ លោក Kang Yi បានបង្ហាញពីមោទនភាពចំពោះកំណើន ខណៈលើកឡើងពីបញ្ហាប្រឈមពីខាងក្រៅកាន់តែខ្លាំង។ ជាមួយគ្នានោះ លោកបានទទួលស្គាល់ការលំបាកដោយថា៖ «តម្រូវការក្នុងស្រុកខ្សោយ សហគ្រាសខ្លះជួបការលំបាកក្នុងការផលិត និងប្រតិបត្តិការ ហើយសេដ្ឋកិច្ចនៅតែប្រឈមមុខនឹងបញ្ហា»។

យ៉ាងណាមិញ លោក Yi បន្តថា៖ «យើងត្រូវតែអនុវត្តគោលនយោបាយម៉ាក្រូដែលសកម្ម និងមានប្រសិទ្ធភាពជាងមុន ពង្រីកតម្រូវការក្នុងស្រុក ជំរុញនវានុវត្តន៍នៃបច្ចេកវិទ្យា និងឧស្សាហកម្ម រក្សាស្ថិរភាពការរំពឹងទុករបស់ទីផ្សារ និងជំរុញភាពរឹងមាំខាងក្នុង ដើម្បីធានាបាននូវការបន្តងើបឡើងវិញ និងការអភិវឌ្ឍន៍នៃសេដ្ឋកិច្ច»។ នេះបើតាមការស្រង់សម្ដីរបស់កាសែត South China Morning Post (SCMP)។
គួររំឭកថា សេដ្ឋកិច្ចចិនបានកើនឡើងប្រមាណ ៥,២ ភាគរយ កាលពីឆ្នាំមុន ហើយសេដ្ឋវិទូបានព្យាករកន្លងមកថា កំណើននេះនឹងក្លាយជាយឺតយ៉ាវក្នុងរយៈពេលប៉ុន្មានឆ្នាំទៅមុខ ជាពិសេស «បរិយាកាសអរិភាពពីខាងក្រៅ» ក្នុងបរិបទដែលលោក ដូណាល់ ត្រាំ ក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកជាថ្មី ដោយបង្កើនគោលនយោបាយការពារនិយម និងធ្វើឱ្យសង្រ្គាមពាណិជ្ជកម្មជាមួយចិនកាន់តែតឹងរុឹង ខណៈចិនបន្តអូសបន្លាយជាមួយនឹងបញ្ហាសេដ្ឋកិច្ចផ្សេងៗក្នុងស្រុក ជាពិសេសកម្សោយតម្រូវការ។
ដើម្បីសម្រេចបានកំណើនគោលដៅ រដ្ឋាភិបាលចិននាពេលកន្លងមក បានដាក់ចេញនូវវិធានការជំរុញជាបន្តបន្ទាប់ រួមទាំងការបន្ថយអនុបាតតម្រូវការទុនបម្រុងរបស់ធនាគារ ការកាត់បន្ថយអត្រាការប្រាក់ និងការបញ្ចេញប្រាក់រាប់ពាន់លានដុល្លារពីកញ្ចប់ថវិកាឆ្នាំ ២០២៥ ដើម្បីផ្តល់មូលនិធិដល់គម្រោងសាងសង់ផ្សេងៗក្នុងគោលបំណងជំរុញវិស័យអចនលទ្រព្យ ជាដើម។ ជាមួយគ្នានោះ រដ្ឋាភិបាលបានក៏បានណែនាំដល់ធនាគារផ្សេងៗ ឱ្យផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជាប់បន្ទុកបំណុលផងដែរ។
អ្នកនាំពាក្យការិយាល័យស្ថិតិជាតិចិន លោក Fu Linghui បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងប៉េកាំងថា ការជំរុញការប្រើប្រាស់ និងការពង្រីកតម្រូវការក្នុងស្រុក គឺជាអាទិភាពសម្រាប់រដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


