ព័ត៌មានអន្ដរជាតិ
PTT ថា ខ្លួននឹងបន្តរកស៊ីនៅកម្ពុជា ទោះបីទំនាក់ទំនងកម្ពុជា-ថៃតានតឹង
កាសែតបាងកកប៉ុស្ត៍បានចុះផ្សាយនៅព្រឹកថ្ងៃចន្ទនេះថា ក្រុមហ៊ុនថាមពលរដ្ឋថៃ OR (PTT Oil and Retail Business) នឹងបន្តអាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនចាត់ទុកថាជាផ្ទះទី២របស់ខ្លួន ទោះទំនាក់ទំនងកម្ពុជា-ថៃ ធ្លាក់ចូលទៅក្នុងភាពតានតឹងខ្លាំងក៏ដោយ។

បាងកកប៉ុស្តិ៍បានស្រង់សម្ដីមន្រ្តីជាន់ខ្ពស់របស់ PTT មួយរូប ដែលសុំនិយាយជាអនាមិកថា ក្រុមហ៊ុននឹងបន្តដំណើរការស្ថានីយ៍ចាក់សាំង និងអាជីវកម្មលក់រាយរបស់ខ្លួននៅកម្ពុជា ទាំងតាមដានជម្លោះ និងរក្សាទិសដៅអាជីវកម្មរយៈពេលវែងរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
ប្រភពដដែលបន្តថា ក្រុមហ៊ុននឹងបន្តដឹកជញ្ជូនឥន្ធនៈមកកម្ពុជាដែលតម្រូវការមានច្រើន ហើយ«យើងបានប្រាប់បុគ្គលិកកម្ពុជា និងថៃរបស់យើងឱ្យត្រូវដឹងអំពីរបាយការណ៍មិនពិត ដែលអាចបង្កឱ្យមានការស្អប់ខ្ពើមចំពោះអាជីវកម្មថៃ»។
ការអះអាងទាំងអស់នេះរបស់មន្រ្តី PTT ធ្វើឡើងបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសពីម្សិលមិញថា កម្ពុជានឹងផ្អាកការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃចាប់ពីម៉ោង ១២ យប់មិញតទៅ ដោយលើកឡើងថា «បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មានលទ្ធភាពនាំចូលប្រេងឥន្ធនៈ និងឧស្ម័នឥន្ធនៈពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់ក្នុងស្រុករបស់ប្រជាពលរដ្ឋ»។
ការប្រកាសរបស់មេដឹកនាំកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងក្រោយមានការគំរាមកំហែងពីអ្នកនយោបាយក្នុងស្រុកថៃ ដែលជំរុញឱ្យរដ្ឋាភិបាលថៃបិទការនាំចេញប្រេងមកកម្ពុជា ដើម្បីជាគំនាបសេដ្ឋកិច្ច ចំពេលដែលកម្ពុជា និងថៃ មានភាពតានតឹងជុំវិញបញ្ហាព្រំដែន។

ក្រោយការប្រកាសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត កាសែត Khaosod ថៃឯណោះវិញ បានចុះផ្សាយនៅយប់ថ្ងៃអាទិត្យថា ក្រុមហ៊ុន PTT មើលឃើញពីផលប៉ះពាល់មិនធ្ងន់ធ្ងរលើប្រាក់ចំណូលរបស់ក្រុមហ៊ុន ពីចំណាត់ការរបស់កម្ពុជា ដោយសម្អាងថា ក្រុមហ៊ុនមានស្ថានីយចាក់ប្រេងត្រឹមតែ ១៨៦ កន្លែង និងហាងកាហ្វេ ២៥៤ កន្លែង តែប៉ុណ្ណោះ ធៀបនឹងស្ថានីយប្រមាណ ២ ០០០ កន្លែង នៅទូទាំងប្រទេសថៃ។ បើតាមបាងកកប៉ុស្តិ៍ PTT ប្រតិបត្តិការស្ថានីយចាក់ប្រេងប្រមាណ ២ ៧៦១ កន្លែង សរុបទាំងអស់។
គួររំឭកថា កាលពីខែមីនា ដើមឆ្នាំនេះ នាយកប្រតិបត្តិក្រុមហ៊ុន OR លោក Peekthong Thongyai បាននិយាយថា កម្ពុជាមានសក្ដានុពលដ៏សំខាន់ទាក់ទងនឹងកំណើនសេដ្ឋកិច្ច និងឱកាសអាជីវកម្ម ដោយក្រុមហ៊ុនមានកម្ពុជា ជា«ផ្ទះទី ២» តាមរយៈប្រតិបត្តិការរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ PTT Cambodia Co. ។
កាលពីខែសីហា ឆ្នាំ ២០២៤ OR បានប្រកាសថា ខ្លួនគ្រោងនឹងចំណាយប្រាក់ ១០០ លានដុល្លារ ដើម្បីអភិវឌ្ឍឃ្លាំងប្រេងក្នុងប្រទេសកម្ពុជា បន្ទាប់ពីការចូលរួមវិនិយោគរបស់ក្រុមហ៊ុនក្នុងសេវាកម្មចាក់ប្រេងតាមអាកាសយានដ្ឋាននៅកម្ពុជា។ ឃ្លាំងប្រេងនោះ គឺដើម្បីបម្រើដល់កំណើនសេដ្ឋកិច្ចកម្ពុជាក្រោយជំងឺរាតត្បាតកូវីដ១៩៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


