ព័ត៌មានជាតិ
សភាពាណិជ្ជកម្មសហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា នឹងចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន នៅថ្ងៃទី ២៣ ខែមីនាបានទទួលជួបពិភាក្សាការងារជាមួយ លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មសហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា (EuroCham Cambodia) ស្តីពីការសិក្សាស្វែងយល់ និងការចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌នៅកម្ពុជា។

លោកទេសរដ្ឋមន្រ្តី បានលើកឡើងជម្រាបប្រាប់ទៅប្រធានសភាពាណិជ្ជកម្មសហគមន៍អ៊ឺរ៉ុប អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងការទទួលជោគជ័យក្នុងដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះនៅកម្ពុជារយៈពេល ៣០ឆ្នាំកន្លងទៅនេះ ដែលមានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងប្រទេសជាមិត្ត ជាពិសេសការទទួលបាននូវសុខសន្តិភាពពេញលេញទូទាំងប្រទេស ក្រោមនយោបាយឈ្នះ ឈ្នះ នៅចុងឆ្នាំ១៩៩៨ របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី។

ជាមួយគ្នានេះ កម្ពុជា បានដាក់ចេញនូវចក្ខុវិស័យយ៉ាងច្បាស់លាស់ ក្នុងការបញ្ចប់ការគម្រាមកំហែងដោយសារមីននៅត្រឹមឆ្នាំ២០២៥ និងការបន្តដោះស្រាយបញ្ហានៅសេសសល់ដោយសារសំណល់ជាតិផ្ទុះពីសង្រ្គាមក្រោយឆ្នាំ២០២៥។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា ដើម្បីគាំទ្រដល់ផែនការអាទិភាពរបស់រាជរដ្ឋាភិបាល និងឈានទៅសម្រេចបាននូវចក្ខុវិស័យ “កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥” អាជ្ញាធរមីន បានរៀបចំនូវគោលការណ៍ណែនាំស្តីពីការអនុវត្តយន្តការភូមិអស់មីន ដែលនឹងធានាថា រាល់ចម្ការមីនទាំងអស់ដែលមាននៅក្នុងភូមិត្រូវបានបោសសម្អាត ក្នុងគោលដៅជួយពន្លឿនដល់ការបោសសម្អាតមីន និងទាក់ទាញនូវការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍន៍ និងសប្បុរសជននានា។

លោកបន្តទៀតថា ការអនុវត្តយន្តការនេះ នឹងចាប់ផ្តើមអនុវត្តចេញពីភូមិមួយទៅភូមិមួយ និងខេត្តដែលមានផលប៉ះពាល់ដោយសារមីនតិចតួច ជាក់ស្តែងអាជ្ញាធរមីន បានបញ្ចប់ដោយជោគជ័យក្នុងខេត្តកែប និងគ្រោងបញ្ចប់ការងារបោសសម្អាតមីននៅខេត្តព្រៃវែងខាងមុខនេះ ក្រោមការចូលរួមជួយគាំទ្រពីសភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំឲ្យសភាពាណិជ្ជកម្មសហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា ពិនិត្យលទ្ធភាពនិងចូលរួមជួយគាំទ្រដល់ការបោសសម្អាតមីននៅខេត្តកំពង់ចាមផងដែរ។
លោក Tassilo Brinzer បានសម្តែងនូវការសោកស្តាយចំពោះប្រទេសកម្ពុជា ដែលបានទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរដោយសារសង្រ្គាម ព្រមទាំងបានបន្សល់ទុកនៅគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះយ៉ាងច្រើនសន្ធឹកសន្ធាប់ពាសពេញផ្ទៃប្រទេស បង្កឲ្យមានការគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋខ្មែរ។
ជាមួយគ្នានេះ លោកប្រធានសភាពាណិជ្ជកម្ម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអាជ្ញាធរមីនជាសេនាធិការ ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរយៈពេលកន្លងមក។
សភាពាណិជ្ជកម្មសហគមន៍អ៊ឺរ៉ុបប្រចាំនៅកម្ពុជា នឹងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការងារបោសសម្អាតមីនមនុស្សធម៌ ព្រមទាំងកៀរគរនូវធនធានហិរញ្ញវត្ថុពីបណ្តាវិស័យឯកជននានាក្នុងក្របខណ្ឌសហគមន៍អ៊ឺរ៉ុប សម្រាប់គាំទ្រដល់ការងារបោសសម្អាតមីននៅខេត្តកំពង់ចាមផងដែរ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


