ព័ត៌មានជាតិ
រដ្ឋ ធានាកាត់បន្ថយភាពក្រីក្រជនមានពិការភាពតាមរយៈលើកកម្ពស់អាជីព និងមុខរបរ
ជនមានពិការភាព គឺជាតួអង្គមួយដ៏សំខាន់ នៅក្នុងការចូលរួមអភិវឌ្ឍគ្រួសារ និងសហគមន៍។ ការលើកកម្ពស់សហគ្រិនភាព គឺជាកិច្ចការដ៏សំខាន់ ដើម្បីបង្កើនឱកាសដល់ជនមានពិការភាពចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច លើកកម្ពស់ជីវភាពគ្រួសារ និងចូលរួមអភិវឌ្ឍសង្គមឱ្យកាន់តែមានភាពល្អប្រសើរ។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅក្នុងពិធីអបអរសាទរ ទិវាជនមានពិការភាព លើកទី២៥ និងអន្តរជាតិលើកទី៤១ នាព្រឹកថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ ២០២៣។

សម្តេចនាយករដ្ឋមន្រ្តី បានបន្តដូច្នេះថា«ការពង្រឹងសមត្ថភាព និងភាពអង់អាច ផ្នែកសេដ្ឋកិច្ចរបស់ជនមានពិការភាព គឺជាកត្តាចាំបាច់ និងមិនអាចខ្វះបាន គ្រប់ក្រសួងស្ថាបន អាជ្ញាធរថ្នាក់ក្រោមជាតិទាំងអស់ មានកាតព្វកិច្ចធានាការធ្វើបរិយាបន្នសម្រាប់ជនមានពិការភាព ទទួលបានការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ ភាពជាម្ចាស់ការលើការគ្រប់គ្រងធនធានហិរញ្ញវត្ថុ ការសម្រេចចិត្ត និងភាពជាអ្នកដឹកនាំ ដើម្បីមានឱកាសពេញលេញ ទាំងក្នុងទិដ្ឋភាពសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងនយោបាយ»។
សម្តេច ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានខិតខំកែលម្អជីវភាពរស់នៅ និងធានាកាត់បន្ថយភាពក្រីក្ររបស់ជនមានពិការភាព តាមរយៈការលើកកម្ពស់អាជីព មុខរបរសមរម្យ ការងារ និងការផ្តល់ប្រាក់របបគោលនយោបាយផ្សេងៗ។ ក្រៅពីនេះ សម្បុរសជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍនានា បានចូលរួមចំណែកទាំងធនធានថវិកា និងធនធានមនុស្ស ដើម្បីជាឧត្តមប្រយោជន៍សម្រាប់ជនមានពិការភាពនៅកម្ពុជា។

សម្តេច បានសង្កត់ធ្ងន់ថា រដ្ឋាភិបាល មានចក្ខុវិស័យច្បាស់លាស់ សម្រាប់ជនមានពិការភាព និងក្រុមគ្រួសារ ឱ្យមានគុណភាពជីវិតល្អ ចូលរួមយ៉ាងសកម្មស្មើភាព នៅក្នុងសង្គម ដែលមានការគោរពសិទ្ធិ និងសេដ្ឋកិច្ចថ្លៃថ្នូរ ព្រមទាំងការធ្វើបរិយាបន្នជនមានពិការភាពគ្រប់វិស័យ។
លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថា នៅឆ្នាំ ២០២៣នេះ ជនមានពិការភាពបានចូលរួមបម្រើការងារក្នុងក្រសួងស្ថាបនរដ្ឋចំនួន ៣៩ ដោយជនមានពិការភាពប្រមាណជិត ៤ពាន់នាក់ ក្នុងនោះស្រ្តីចំនួន ៨៦៩នាក់។ ដោយឡែកការងារ ក្នុងវិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ រោងចក្រចំនួនជាង ២៤០ ដែលមានជនមានពិការភាពចូលបម្រើការងារប្រមាណជាង ៣៧០០នាក់ ក្នុងនោះស្រ្តីចំនួនជាង ៣៦៣១នាក់។
លោករដ្ឋមន្រ្តី បានបន្តថា បច្ចុប្បន្ននេះ ជនមានពិការភាព បានបម្រើការងារនៅក្នុងវិស័យឯកជន និងរដ្ឋ មានចំនួនជាង ៧៥៣៥នាក់៕

-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


