ព័ត៌មានជាតិ
ពលរដ្ឋរាប់រយនាក់ ស្នើសុំកិច្ចអន្តរាគមន៍ពី លោក ម៉ៅ ធនិន ជួយពន្លឿនដោះស្រាយករណីក្រុមហ៊ុនដីឡូត៍ ជា សារ៉ន
កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ ម្សិលមិញ ប្រជាពលរដ្ឋរាប់រយនាក់ ដែលមានបញ្ហាជាមួយក្រុមហ៊ុនដីឡូត៍ ជា សារ៉ន បានមកប្រមូលផ្តុំគ្នានៅក្នុងបរិវេណសាលាខេត្តកំពត ដើម្បីស្នើសុំកិច្ចអន្តរាគមន៍ពី លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ឲ្យជួយពន្លឿនយន្តការក្នុងការដោះស្រាយ ព្រោះម្ចាស់បំណុល និងបុគ្គលិកធនាគារ ចេះតែទៅទារលុយ និងកៀបសង្កត់ផ្លូវចិត្តពួកគាត់មិនឈប់ឈរ។

តំណាងប្រជាពលរដ្ឋមកពីស្រុកទឹកឈូ បានរៀបរាប់ថា ពួកគាត់នាំគ្នាមកថ្ងៃនេះ ដើម្បីសំណូមពរដល់ លោកអភិបាលខេត្ត ជួយពន្លឿនយន្តការដោះស្រាយ ធ្វើយ៉ាងណាឲ្យក្រុមហ៊ុនដីឡូត៍ ជា សារ៉ន ទូទាត់បំណុលជាមួយធនាគារឲ្យបានលឿន ព្រោះមួយរយៈពេលចុងក្រោយនេះ បុគ្គលិកធនាគារបានចុះទារលុយដល់ផ្ទះជាញឹកញាប់។ ក្នុងនោះ ធនាគារ ថា នឹងប្រើចំណាត់ការក្ដៅ ធ្វើឲ្យពួកគាត់កាន់តែតានតឹងផ្នែកផ្លូវចិត្ត និងព្រួយបារម្ភខ្លាចបាត់បង់ដីធ្លី ផ្ទះសំបែង។

ប្រជាពលរដ្ឋទាំងនោះបានបញ្ជាក់ថា ការមកនេះមិនមែនសុំឲ្យដោះលែងបុគ្គល ជា សារ៉ន និងបក្ខពួកនៅក្រៅឃុំបណ្ដោះអាសន្ននោះទេ។ មកនេះ ស្នើសុំ លោក ម៉ៅ ធនិន មេត្តាជួយចេញលិខិតបញ្ជាក់ឲ្យគ្រួសារដែលមានបញ្ហានីមួយៗ កាន់ទៅបង្ហាញបុគ្គលិកធនាគារថា ការបង់ប្រាក់បំណុលផ្សេងៗ ជាបន្ទុករបស់ក្រុមហ៊ុន ជា សារ៉ន មិនមែនប្រជាពលរដ្ឋរងគ្រោះនោះឡើយ។ លើសពីនេះ ប្រជាពលរដ្ឋ ក៏បានស្នើស្ថាប័នតុលាការ សូមជួយពន្លឿននីតិវិធីច្បាប់ ដើម្បីឲ្យពួកគាត់ឆាប់ផុតទុក្ខភ័យ ក្រោយចាញ់បោកក្រុមហ៊ុននេះផង។

ឆ្លើយតបទៅនឹងសំណើរបស់ប្រជាពលរដ្ឋ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា សំណុំរឿងក្រុមហ៊ុនអភិវឌ្ឍន៍ដីឡូត៍ ជា សារ៉ន បាននិងកំពុងដំណើរការដោះស្រាយតាមនីតិវិធីច្បាប់ហើយ។ លោក ម៉ៅ ធនិន ក៏បានបញ្ជាក់ជូនពលរដ្ឋដែរថា ត្រូវរង់ចាំលទ្ធផលដែលច្បាប់សម្រេចចេញមកទាំងអស់គ្នាសិន។

លោកអភិបាលខេត្តកំពត បានបន្ថែមថា ក្នុងករណីនេះ មិនមានយន្តការដោះស្រាយណាផ្សេងក្រៅពីនេះទេ។ មូលហេតុដោយសារករណីនេះ បានចូលដល់ប្រព័ន្ធតុលាការរួចរាល់ហើយ។

ទន្ទឹមនោះ លោកអភិបាលខេត្តកំពត ក៏បានណែនាំសាជាថ្មីដល់អាជ្ញាធរក្រុង-ស្រុក ត្រូវពិនិត្យមើលទាក់ទងនឹងករណីម្ចាស់បំណុល ឬ បុគ្គលិកធនាគារ ដែលពលរដ្ឋបានខ្ចីលុយទៅវិនិយោគជាមួយក្រុមហ៊ុន មិនត្រូវទៅជំរិតទារលុយពលរដ្ឋ ឬប្រើពាក្យបំបាក់ទឹកចិត្តនោះទេ។ ប្រសិនបើមានករណីនេះ ពលរដ្ឋ ត្រូវរាយការណ៍ផ្ទាល់មករដ្ឋបាលខេត្ត ហើយលោកនឹងជួយអន្តរាគមន៍ដោះស្រាយ។

ជាមួយគ្នានេះ លោក ម៉ៅ ធនិន ក៏បានផ្ដាំទៅក្រុមបុគ្គលិករបស់ក្រុមហ៊ុនដីឡូត៍ ជា សារ៉ន សូមបញ្ឈប់ការបំផុសបំផុលពលរដ្ឋឲ្យឡើងមកតវ៉ាសុំយ៉ាងនេះ សុំយ៉ាងនោះទៀតទៅ។ ក្រុមខ្លួននោះហើយ ដែលធ្វើឲ្យពលរដ្ឋធ្លាក់ខ្លួនក្រ ចាញ់បោកក្រុមហ៊ុនរហូតមកដល់បច្ចុប្បន្ន ហើយបើមិនព្រមបញ្ឈប់សកម្មភាពនេះទេ រដ្ឋបាលខេត្ត នឹងដាក់ការតាមដានវែករកមុខមេខ្លោង ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕
អត្ថបទ ៖ សឹង រ៉ាត់


-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


