ព័ត៌មានជាតិ
មន្រ្តីអភិរក្សរកឃើញទីតាំងសំបុកសត្វត្មាត ៣០ នៅកម្ពុជា ជាកំណត់ត្រាខ្ពស់បំផុត
ក្នុងឆ្នាំ២០២៣ សមាជិកក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា (CVWG) បានរកឃើញទីតាំងសំបុកសត្វត្មាតចំនួន ៣០ សំបុកក្នុងប្រទេសកម្ពុជា ដែលនេះត្រូវបានចាត់ទុកជាកំណត់ត្រាបង្កកំណើតជោគជ័យខ្ពស់បំផុត។

របាយការណ៍ប្រចាំឆ្នាំ ២០២៣ របស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) បានបង្ហាញពីវឌ្ឈនភាពលើការអភិរក្សសត្វត្មាតទាំងបីប្រភេទ ដែលជាប្រភេទស្ថិតក្នុងចំណាត់ថ្នាក់ងាយរងគ្រោះជិតផុតពូជបំផុតរួមមាន ត្មាតផេះ (Gyps bengalensis) ត្មាតត្នោត (Gyps tenuirostris) និងត្មាតភ្លើង (Sarcogyps calvus)។
របាយការណ៍បញ្ជាក់ថា ទីតាំងសំបុកសត្វត្មាតចំនួន ៣០ សំបុក ដែលរកឃើញនៅក្នុងប្រទេសកម្ពុជា និងនៅទីតាំងព្រំដែនប្រទេសឡាវ ទទួលបានអត្រាសំបុកជោគជ័យខ្ពស់រហូតដល់ ៨៧% ដោយមានកូនញាស់ចំនួន ២៦ ក្បាល ដែលនេះជាកំណត់ត្រាខ្ពស់បំផុត។

របាយការណ៍ក៏បានរំលេចពីកិច្ចខំប្រឹងប្រែងសហការ របស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជាចាប់ពីខែមករារហូតដល់ខែធ្នូ ឆ្នាំ២០២៣ ដោយបានបង្ហាញអំពីបញ្ហាប្រឈមដែលកើតមានឡើង និងភាពជោគជ័យដែលសម្រេចបាននៅក្នុងកិច្ចការពារប្រភេទសត្វសំខាន់ៗទាំងនេះ។
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានមានប្រសាសន៍ថា បន្ទាប់ពីចំនួនប្រជាសាស្រ្តរបស់សត្វត្មាតមានការធ្លាក់ចុះជាច្រើនឆ្នាំ ឥឡូវនេះយើងឃើញមានសញ្ញាណចំនួនថេរនៅប្រទេសកម្ពុជា។
ការរកឃើញសត្វត្មាតមានចំនួនថេរនេះ បានបង្ហាញពីសារៈសំខាន់នៃតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលកំពុងផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាព សម្រាប់សត្វព្រៃនិងជីវៈចម្រុះ និងអនុញ្ញាតឱ្យជីវៈចម្រុះអាចរីកលូតលាស់តាមធម្មជាតិដោយគ្មានការគម្រាមកំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាព ជួយគាំទ្រដល់ការរស់នៅរបស់សត្វត្មាតជិតផុតពូជរបស់យើង។
គំនិតផ្តួចផ្តើមបង្កើតអាហារដ្ឋានត្មាត សម្រាប់ផ្តល់សាកសពសត្វចិញ្ចឹមជាចំណីដល់សត្វត្មាតនៅតាមទីជម្រកសំខាន់ៗ បានជួយផ្តល់នូវអាហារបន្ថែមដល់សត្វត្មាត ដើម្បីកាត់បន្ថយការខ្វះខាតចំណីអាហារ។

ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជាបានបញ្ចាក់ថា “យើងពិតជារំភើបជាមួយលទ្ធផលនៃការពងកូនជោគជ័យនៅក្នុងឆ្នាំនេះ។ កូនត្មាតទាំងនោះតំណាងឱ្យក្តីសង្ឃឹមនាពេលអនាគតរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា។ មិនតែប៉ុណ្ណោះវាជាសក្ខីភាពមួយដែលបង្ហាញពីប្រសិទ្ធភាពនៃយុទ្ធសាស្រ្តអភិរក្សរបស់យើង និងការលះបង់របស់ក្រុមការងារនៅទីវាល“។
ជាមួយគ្នានោះ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជាក៏បានលើកឡើងពីការដោះស្រាយកត្តាគម្រាមកំហែងនៃការបំពុលដែលជាមូលហេតុចម្បងបង្កឲ្យសត្វត្មាតស្លាប់។ នៅឆ្នាំ២០២៣ មានករណីបំពុលចំនួន៨ ត្រូវបានរកឃើញ និងបានចាត់វិធានការយ៉ាងរហ័សដើម្បីលុបបំបាត់ការសាយភាពសារធាតុបំពុល។ ជាក់ស្តែងក្នុងឆ្នាំ២០២៣ នេះ មិនមានសត្វត្មាតត្រូវបានស្លាប់ដោយការបំពុលនោះទេ។

ដើម្បីលើកកម្ពស់ការយល់ដឹង និងកៀរគរសាធារណៈជនឲ្យចូលរួមអភិរក្សសត្វត្មាត ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា ធ្វើការសម្របសម្រួលរៀបចំអបអរសាទរទិវាយល់ដឹងពីសត្វត្មាតអន្តរជាតិ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងរៀបចំសិក្ខាសាលាចែករំលែកចំណេះដឹងទៅកាន់និស្សិតផ្នែកបរិស្ថាន។
កិច្ចខិតខំប្រឹងប្រែងទាំងនេះត្រូវបានគេរំពឹងថានឹងពង្រឹងការគាំទ្រសម្រាប់កិច្ចការពារសត្វត្មាត ពង្រីកបណ្តាញអ្នកគាំទ្រ អ្នកស្ម័គ្រចិត្ត និងម្ចាស់ជំនួយ។ លើសពីនេះទៀត សកម្មភាពទាំងនេះបានបង្កើតការផ្សាយជាវិជ្ជមាន និងបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា ក្នុងការអភិរក្សប្រភេទសត្វសំខាន់ៗទាំងនេះ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


