ព័ត៌មានជាតិ
អាកាសយានដ្ឋានសៀមរាបអង្គរ រំពឹងទទួលបានអ្នកដំណើរ ១,៤ លាននាក់ដំណាច់ឆ្នាំ ២០២៤
បើតាមប្រធានក្រុមប្រឹក្សាភិបាលនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គររំពឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនឹងទទួលបានអ្នកដំណើរ ១,៤ លាននាក់នៅត្រឹមដំណាច់ឆ្នាំ២០២៤ និង ២ លាននាក់នៅក្នុងឆ្នាំ២០២៥។
ការលើកឡើងនេះក្នុងឱកាសដែលលោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានជួបពិភាក្សាការងារជាមួយលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

នៅក្នុងជំនួបនោះ លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានរាយការណ៍ថា ក្នុងរយៈពេល ១១ ខែនៃឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានការស្វាគមន៍អ្នកដំណើរចំនួន ១,៣ លាននាក់ ដោយរំពឹងថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ ១,៤ លាននាក់នៅត្រឹមដំណាច់ឆ្នាំ និង ២ លាននាក់នៅក្នុងឆ្នាំ២០២៥។
មន្ត្រីនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានឲ្យកម្ពុជាថ្មីដឹងថា ជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានការកើនឡើងពីជាង ២០ ជើង (រាប់ទាំងឡើងនិងចុះ) ទៅដល់ជាង ៥០ ជើង (រាប់ទាំងឡើងនិងចុះ) ក្នុងមួយថ្ងៃ។
លោក យឹម សានីរាន មន្ត្រីសម្របសម្រួលនៅអាកាសយានដ្ឋានសៀមរាបអង្គរបានប្រាប់កម្ពុជាថ្មីថា «មួយថ្ងៃអាចពី ២០ ទៅ ២៦ ជើង ទាំង Charter ទៀតអាចថ្ងៃខ្លះដល់ ២៨ ជើង។ តែបើរាប់ទាំងឡើងទាំងចុះអាចដល់ជាង ៥០ ដល់ ៥៦ ជើងក្នុងមួយថ្ងៃ។ បើប្រៀបធៀបពីមុនបានត្រឹម ៣០ ទៅ ៣៤ ជើងប៉ុណ្ណោះទាំងឡើងទាំងចុះក្នុងមួយថ្ងៃ»។
ខណៈជើងហោះហើរកើនឡើងច្រើន ភ្ញៀវធ្វើដំណើរក្នុងមួយថ្ងៃក៏មានកំណើនពីជាង ៥ ០០០ ទៅ ៦ ០០០ នាក់។ លោក យឹម សានីរាន បន្ថែម។

ក្នុងជំនួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក Lu Wei បានលើកពីគម្រោងរបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍតំបន់ជុំវិញអាកាសយានដ្ឋាន ដោយស្នើសុំកិច្ចសហការជាមួយក្រសួងលើគម្រោងអភិវឌ្ឍតំបន់ជុំវិញ ដោយផ្តោតលើការទាក់ទាញឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់។ លោកបានលើកឡើងថា ក្រុមហ៊ុន Yunnan Investment Group គ្រោងវិនិយោគបន្ថែមដើម្បីអភិវឌ្ឍអាកាសយានដ្ឋាននិងតំបន់ជុំវិញ។
ជាមួយគ្នានេះ លោកបានលើកឡើងពីកិច្ចខិតខំរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍នានាដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិន។ លោកក៏បានថ្លែងអំណរគុណដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានគាំទ្រគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិនេះ ពិសេសការតបណ្តាញផ្គត់ផ្គង់ទឹកស្អាតជូនដល់អាកាសយានដ្ឋានបានយ៉ាងល្អប្រសើរ។
លោក ហែម វណ្ណឌី បានកោតសរសើរក្រុមហ៊ុនដែលបានសម្រេចចិត្តវិនិយោគរយៈពេលវែងនៅកម្ពុជា និងបានអបអរចំពោះកំណើនអ្នកដំណើរ។ លោករដ្ឋមន្រ្តីបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រក្រុមហ៊ុន ដើម្បីទាក់ទាញទាំងភ្ញៀវទេសចរ និងឧស្សាហកម្មមកកាន់តំបន់នេះ។
លោក ហែម វណ្ណឌី បានបញ្ជាក់ថា៖ «យើងចង់ឱ្យក្រុមហ៊ុនវិនិយោគ ទាំងតូច និងទាំងធំ ទទួលជោគជ័យ។ នៅពេលដែលឧស្សាហកម្មក្នុងស្រុករីកចម្រើន ការដឹកជញ្ជូនតាមផ្លូវអាកាសនឹងកើនឡើង ដែលនឹងជំរុញការអភិវឌ្ឍអាកាសយានដ្ឋាននេះ និងតំបន់ជុំវិញបន្ថែមទៀត»។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលមានចំងាយប្រមាណ ៥០ គីឡូម៉ែត្រពីទីក្រុងសៀមរាប បានបើកដំណើរការជាផ្លូវការក្នុងខែតុលា ឆ្នាំ២០២៣។ អាកាសយានដ្ឋាននេះមានសមត្ថភាពទទួលអ្នកដំណើររហូតដល់ ៧ លាននាក់ក្នុងមួយឆ្នាំ ដោយផ្តល់ជាច្រកចេញចូលដ៏ទំនើបមួយទៅកាន់តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមានប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទបុរាណជាច្រើន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២០ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១៩ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


