ព័ត៌មានជាតិ
សម្ដេចតេជោ ប្រាប់នាយករដ្ឋមន្ត្រីឡាវថា កម្ពុជាដកខ្លួនពីCLV-DTA តែមិនមែនដកកិច្ចសហប្រតិបត្តិការជាមួយឡាវ-វៀតណាមឡើយ
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រាប់នាយករដ្ឋមន្ត្រីឡាវ លោក សន សៃស៊ីផាន់ដនថា ដើម្បីធានាសុខសន្តិភាពដល់ពលរដ្ឋ កម្ពុជា ត្រូវតែដកខ្លួនចេញពី CLV-DTA ប៉ុន្តែការដកខ្លួននេះ មិនមែនមានន័យថា កម្ពុជាដកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ឡាវ វៀតណាម នោះទេ។ សម្ដេចតេជោ ហ៊ុន សែន ប្រាប់នាយករដ្ឋមន្ត្រីឡាវ ដូច្នេះ នៅក្នុងជំនួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា។

សេចក្ដីប្រកាសព័ត៌មានស្ដីពីជំនួបសរសេរដូច្នេះ៖« សម្តេចតេជោ ក៏បានជម្រាបជូន លោក សនសៃ ស៊ីផាន់ដន ថា ដើម្បីរក្សាបាននូវសុខសន្តិភាពជូនប្រជាជន កម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ក៏ប៉ុន្តែការដកខ្លួនរបស់កម្ពុជានេះ មិនមែនដកកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងបីនោះទេ។»។

សម្តេចតេជោប្រធានព្រឹទ្ធសភា បានបន្តទៀតថា កម្ពុជាឡាវ វៀតណាម នឹងបន្តកិច្ចសហប្រតិបត្តិការតាមយន្តការដែលមានស្រាប់ជាទូទៅ និងកម្រិតប្រទេសតែម្តង និងបន្តពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការនេះ ជាពិសេសតាមរយៈជំនួបជាទៀងទាត់នៃថ្នាក់ដឹកនាំគណបក្សកាន់អំណាច នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង កម្មវិធីអភិវឌ្ឍយុវជននៃប្រទេសទាំងបី។

ជាការឆ្លើយតប ចំពោះការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) លោក សនសៃ ស៊ីផាន់ដន លើកឡើងថា ក្នុងនាមរដ្ឋាភិបាលឡាវ និងខ្លួនលោកផ្ទាល់ លោកសូមសម្តែងនូវការយល់ចិត្តយល់ថ្លើម អំពីការលំបាករបស់កម្ពុជា និងបានបញ្ជាក់ថា លោក នឹងសហការយ៉ាងជិតស្និតជាមួយ សម្តេចមហាបវរធិបតី។

សូមរម្លឹកថា កាលពីថ្ងៃទី២០ ខែកញ្ញា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកកម្ពុជា ចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ព្រោះតែភាពចាំបាច់ខាងនយោបាយក្នុងប្រទេស និងដើម្បីដកអាវុធចេញពីក្រុមដែលមាននិន្នការប្រឆាំងជ្រុលនិយម កុំឱ្យក្រុមនេះយកប្រធានបទ CLV-DTA ធ្វើជាអាវុធនយោបាយ មូលបង្កាច់ និងវាយប្រហារចំពោះរាជរដ្ឋាភិបាល ដោយការភូតកុហកឥតឈប់ឈរចំពោះប្រជាជនថារដ្ឋាភិបាលកាត់ដីទៅឱ្យប្រទេសដទៃ និងបំផុសបំផុលប្រជាជន ឱ្យចូលរួមអនុវត្តនូវផែនការ ១៨ សីហា ក្នុងការប៉ុនប៉ងអុកឡុកបង្កអស្ថិរភាពដល់សង្គមជាតិ ផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់យកគម្រូតាមប្រទេសបង់ក្លាដែស។

ភ្លាមៗក្រសួងការបរទេស ផ្ញើលិខិតផ្លូវការទៅកាន់ភាគីឡាវ និងវៀតណាម។ នៅក្នុងលិខិតផ្លូវការនៅបានបញ្ជាក់ថា កម្ពុជា សម្រេចចិត្តដកខ្លួនចេញពី CLV-DTA បន្ទាប់ពីបានពិចារណា និងវាយតម្លៃដោយម៉ត់ចត់ ពីវឌ្ឍនភាពនៃ CLV-DTA រួចមក កម្ពុជាយល់ថា កិច្ចសហប្រតិបត្តិការនេះបានឈានដល់គោលដៅរបស់ខ្លួនហើយ។ កម្ពុជាជឿថា ប្រទេសនីមួយៗមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបន្ត និងធានាការអភិវឌ្ឍជាតិរៀងខ្លួន។
គួរឱ្យដឹងដែរថា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះមហាក្សត្រ បានចេញព្រះរាជក្រម ច្បាប់ ស្តីពី “និរាករណ៍ច្បាប់ស្តីពីការអនុម័តយល់ព្រមលើ កិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួល ពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម” ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


