ព័ត៌មានជាតិ
មន្រ្តី៖ លំហាត់សមយុទ្ធនៅព្រលានយន្តហោះសៀមរាប នឹងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗមានទំនុកចិត្តលើកម្ពុជា
លោក ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានមានប្រសាសន៍ថា លំហាត់សមយុទ្ធនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិធំៗមានទំនុកចិត្ត ក្នុងការហោះដឹកភ្ញៀវទេសចរមកកាន់ប្រទេសកម្ពុជា។

កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានធ្វើលំហាត់សមយុទ្ធទ្រង់ទ្រាយធំ (Full Scale Airport Emergency Exercise SAI-EX 24) ដើម្បីត្រៀមឆ្លើយតបឆាប់រហ័សនៅពេលមានគ្រោះអាសន្នកើតឡើង។ លំហាត់សមយុទ្ធនេះ ធ្វើក្នុងគោលបំណងហ្វឹកហ្វឺន និងសាកល្បងសមត្ថភាព ស្ថាប័ន-អង្គភាព សមត្ថកិច្ចនានា ដែលមានការពាក់ព័ន្ធក្នុងការឆ្លើយតប និងជួយសង្គ្រោះជនរងគ្រោះនៅពេលមានគ្រោះមហន្តរាយ និងឧបទ្ទវហេតុគ្រោះថ្នាក់យន្តហោះ ដែលអាចកើតមានឡើងជាយថាហេតុ សំដៅត្រៀមលក្ខណៈឱ្យបានល្អប្រសើរទុកជាមុន ធានាបាននូវការឆ្លើយតប យ៉ាងឆាប់រហ័ស និងមានលក្ខណៈត្រឹមត្រូវ ដែលអាចកាត់បន្ថយបានជាអតិបរមានូវផលប៉ះពាល់ជាអវិជ្ជមានផ្សេង ៗ។ លំហាត់សមយុទ្ធនេះ ធ្វើឡើងស្របតាមគោលការណ៍របស់អង្គការអាកាសចរណ៍អន្តរជាតិ ដែលតម្រូវឱ្យ គ្រប់អាកាសយានដ្ឋានអន្តរជាតិ ធ្វើរយៈពេល២ឆ្នាំម្ដង។ ព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ ជាព្រលានយន្តហោះកម្រិត 4E ហើយទៅអនាគតនឹងមាន យន្តហោះខ្នាតធំៗ ដែលនឹងផ្ទុកអ្នកដំណើររហូតដល់ជាង៣០០ទៅ៥០០នាក់ ដូច្នេះការត្រៀមក្នុងការឆ្លើយតបនៅពេលមានអាសន្ន ក៏ត្រូវរៀបចំឱ្យមានប្រសិទ្ធភាពផងដែរ។

លោក ជា អូន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានមានប្រសាសន៍ថា លំហាត់សមយុទ្ធនេះ ពិតជាមានសារៈសំខាន់ណាស់ ទី១ គឺដើម្បីសាកល្បងផែនការសង្គ្រោះបន្ទាន់របស់អាកាសយានដ្ឋាន និងវាយតម្លៃសមត្ថភាពប្រតិបត្តិការរបស់ខ្លួន ក្នុងទំនាក់ទំនងក្នុងពេលកើតហេតុជាក់ស្តែង។ដើម្បីសាកល្បងនីតិវិធីក្នុងការហៅទំនាក់ទំនងទូរស័ព្ទនិងហ្វ្រេកង់ប្រើប្រាស់ពេលមានគ្រោះអាសន្ន និងសហការ ក្នុងការឆ្លើយតបរបស់ភ្នាក់ងារខាងក្នុង និងក្រៅអាកាសយានដ្ឋាន។ សាកល្បងការឆ្លើយតបវេជ្ជសាស្ត្រទាំងភ្នាក់ងារខាងក្នុងនិងក្រៅអាកាសយានដ្ឋាន និងសាកល្បងក្នុងការទំនាក់ទំនងទីបញ្ជាការចល័តនិងមជ្ឈមណ្ឌលសហប្រតិបត្តិការគ្រប់គ្រងគ្រោះមហន្តរាយ។ ទី២ គឺធ្វើឱ្យក្រុមហ៊ុនអាកាសចរអន្តរជាតិធំៗមានទំនុកចិត្ត ក្នុងការហោះដឹកភ្ញៀវទេសចរមកកាន់ប្រទេសយើង។ ដូចនេះទាក់ទងសុវត្ថិភាព សន្តិសុខអាកាសចរ បើសិនជាយើងពុំមានធ្វើលំហាតសមយុទ្ធ បង្ហាញជាភស្តុតាងឱ្យបានត្រឹមត្រូវទេនោះ ខាងក្រុមហ៊ុនអាកាសចរអន្តរជាតិធំៗ គេមិនហានមកចុះចត នៅព្រលានយន្តហោះយើងនោះទេ។

លោកបានបន្តថា ឥឡូវនេះអ្នកដំណើរចូលមកកាន់ខេត្តសៀមរាប តាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ ឃើញថា មានភាពល្អប្រសើរឡើងវិញគួរសមហើយ ដោយក្នុង១ថ្ងៃមានប្រមាណ ៦០០០នាក់។
សូមបញ្ជាក់ថា នេះជាលំហាត់សមយុទ្ធលើកទី១ នៅព្រលានយន្តហោះអន្តរជាតិសៀមរាប-អង្គរ បន្ទាប់ពីព្រលាននេះ បានត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅខែតុលា ឆ្នាំ២០២៣។ ព្រលានយន្តហោះថ្មីនេះតម្លៃជិត៩០០លានដុល្លារ វិនិយោគដោយក្រុមហ៊ុនAngkor International Airport Investment(AIAI) មានសមត្ថភាពមានផ្ទុកអ្នកដំណើរបាន៧លាននាក់ ក្នុងមួយឆ្នាំ។ ព្រលាននេះមានទីតាំងស្ថិតនៅឃុំតាយ៉ែក ស្រុកសូទ្រនិគម និងមានចម្ងាយជាង ៤០គ.ម ពីទីរួមក្រុងសៀមរាប៕
ដោយ៖ គឿនវេត




-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


