ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន៖ ២០ឧសភា ជាថ្ងៃរំលឹកដល់ការឈឺចាប់របស់ពលរដ្ឋចំពោះរបបប្រល័យពូជសាសន៍ ប៉ុល ពត
ទិវាជាតិនៃការចងចាំ ២០ ឧសភា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ថា ជាថ្ងៃរំលឹកដល់ការឈឺចាប់របស់ប្រជាជាតិខ្មែរចំពោះរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជារបបកាប់សម្លាប់ប្រជាជនខ្លួនឯងអស់រាប់លាននាក់ ត្រឹមតែជាង៣ឆ្នាំប៉ុណ្ណោះ។

សាររបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥នេះ បានលើកឡើងថា ថ្ងៃនេះ ជាថ្ងៃទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។ សម្ដេចតេជោ ថា ទិវានេះ ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិតនៅក្នុងរបបប្រល័យពូជសាសន៍ដ៏ឃោរឃៅនេះ។

សម្ដេចតេជោ ហ៊ុន សែន បន្តរៀបរាប់ថា ប្រជាពលរដ្ឋកម្ពុជាភាគច្រើនលើសលប់បានដឹង និងបានយល់ច្បាស់អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិត ដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ក្នុងន័យនេះ ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី ដែលជាស្ថាបនិកសន្តិភាព បានទទូចឱ្យជនជាតិខ្មែរចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខទៀត។
ថ្ងៃទី២០ ខែឧសភា គឺជា «ទិវាជាតិនៃការចងចាំ» និងជាទិវាបុណ្យជាតិផ្លូវការដែលត្រូវបានកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងឆ្នាំ២០១៨ សម្រាប់ជាការរំឭកដល់ជនរងគ្រោះនិងការឈឺចាប់ពីឧក្រិដ្ឋកម្ម ដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
ទិវាជាតិនៃការចងចាំ បង្កើតឡើងក្នុងគោលបំណងលើកតម្កើងការគោរពវិញ្ញាណក្ខន្ធ និងការធ្វើបុណ្យឧទ្ទិសដល់ជនរងគ្រោះបានស្លាប់ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ លើកតម្កើងការរំឭក ដល់ជនរងគ្រោះ ការស្តារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះ ទោះជានៅរស់រានមានជីវិតឬបានបាត់បង់ ជីវិតក៏ដោយ ប៉ះប៉ូវការឈឺចាប់ខាងផ្លូវចិត្តនិងផ្នែកសង្គមរបស់ជនរងគ្រោះនិងក្រុមគ្រួសារ ចូលរួមចំណែកដល់ការផ្សះផ្សាជាតិនិងជំរុញឱ្យមានសុខដុមនីយកម្មក្នុងសង្គមកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយនិងការយល់ដឹង អំពីអំពើឃោរឃៅដែលកើតមានក្នុងរបបកម្ពុជាប្រជាធិបតេយ្យកុំឱ្យកើតមានឡើងសាជាថ្មី។

«ទិវាជាតិនៃការចងចាំ» ត្រូវបានទទួលស្គាល់ដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលជាគម្រោងសំណងមួយក្នុងចំណោមគម្រោងសំណង២៦ ដែលទទួលស្គាល់ជាផ្លូវការ និងជាអចិន្ត្រៃយ៍ចំពោះការឈឺចាប់របស់ដើមបណ្តឹងរដ្ឋប្បវេណី និង លើកកម្ពស់ការចងចាំនូវឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងអំឡុងពេលនៃរបបកម្ពុជាប្រជាធិបតេយ្យ។
ជាការកត់សម្គាល់ មុនការកំណត់ជាផ្លូវការជាទិវាជាតិនៃការចងចាំ គឺរដ្ឋសភានៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអនុម័តយកថ្ងៃទី២០ ឧសភា ជា «ទិវាចងកំហឹង» ចាប់ពីឆ្នាំ១៩៨៣ ដើម្បីជាការចងកំហឹងចំពោះប្រល័យពូជសាសន៍ ប៉ុល ពត អៀង សារី និងខៀវ សំផន ដែលបានកាប់សម្លាប់ ជិះជាន់ និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃលើប្រជាជនកម្ពុជា ហើយត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៨៤ មក។ ក្រោយឆ្នាំ១៩៩៣ រាជរដ្ឋាភិបាលកម្ពុជា បានប្តូរពី «ទិវាចងកំហឹង» ទៅជា «ទិវាចងចាំ» រហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃទី២០ ខែឧសភា ជា «ទិវាជាតិនៃការចងចាំ» វិញ។

មូលហេតុនៃការកំណត់យកថ្ងៃ២០ ឧសភា ជាទិវាជាតិនៃការចងចាំ មានពីរ៖ ទី១) ថ្ងៃទី២០ ខែឧសភា ឆ្នាំ១៩៧៣ គឺជាថ្ងៃបង្កើតសហករណ៍ ដើម្បីប្រមូលផ្តុំប្រជាជនធ្វើការងារក្រុមសាមគ្គី ដោយលុបបំបាត់កម្មសិទ្ធិ ឯកជន នៅក្នុងតំបន់មួយចំនួនដែលហៅថាតំបន់រំដោះ ដែលស្ថិតក្រោមការគ្រប់គ្រងនៃកងទ័ពរំដោះខ្មែរក្រហម។ គោលនយោបាយនេះ ត្រូវបានចាប់ផ្តើមអនុវត្តជាថ្មីឡើងវិញនៅឆ្នាំ១៩៧៦ បន្ទាប់ពីខ្មែរក្រហមឡើងកាន់អំណាច ចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រហូតដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។
ចំពោះមូលហេតុទី២) គឺមុនពេលឈានដល់ថ្ងៃជ័យជម្នះថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ពោលគឺនៅចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៤ ក្រុមមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យ ប៉ុល ពត និង នួន ជា បានរៀបចំផែនការ និងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ជាទ្រង់ទ្រាយធំ ដែលក្នុងនោះ រួមមាន ការជម្លៀសដោយបង្ខំពីទីក្រុងនិងភូមិនានា ពលកម្មដោយបង្ខំ និងការធ្វើបាបតាមការដ្ឋានការងារនិងសហករណ៍ ការចាប់ខ្លួនតាមអំពើចិត្ត ធ្វើទារុណកម្ម ការបាត់ខ្លួន និងការសម្លាប់ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរើសអើង ប្រឆាំងនឹងក្រុមមនុស្សមួយចំនួនដែលពួកគេចាត់ទុកថាជាខ្លាំង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


