កីឡា
ការប្រកួតបាល់ទាត់មិត្តភាពខ្មែរ-ថៃពានសតវត្សរ៍នៃព្រះធម៌ នឹងបង្កើនចំណងមិត្តភាព
កម្ពុជាបានទទួលរៀបចំការប្រកួតបាល់ទាត់មិត្តភាពជាមួយប្រទេសថៃដែលគ្រោង ធ្វើនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ក្រោមមូលបទ«សតវត្សរ៍នៃព្រះធម៌»នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ប្រទេសទាំងពីរបានរៀបចំធ្វើសន្និសីទសារព័ត៌មានលើកទី២ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា បន្ទាប់ពីលើកទី១បានរៀបចំនៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ស្តីពីការប្រកួតបាល់ទាត់មិត្តភាពដើម្បីរឹតចំណងមិត្តភាពទ្វេភាគី។
លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរជាសហស្ថាបនិករៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះមានប្រសាសន៍ថា ការរៀបចំព្រឹត្តិការណ៍នេះឡើងគឺដើម្បីបង្កើនភាពស្និទ្ធស្នាល ស្វែងយល់ពីវប្បធម៌សន្តិភាពរវាងប្រទេសទាំងពីរ ព្រមទាំងប្រទេសនៅក្នុងតំបន់ទន្លេមេគង្គ។ ប្រជាជនទាំងអស់ដែលបានកើតឡើងនៅក្នុងតំបន់ទន្លេមេគង្គប្រៀបដូចជាកើតចេញពីផ្ទៃម្តាយតែមួយ ដោយសារតែភាគច្រើនជាអ្នកគោរពព្រះពុទ្ធសាសនា ដូច្នេះត្រូវតែមានទំនាក់ទំនងល្អជាមួយគ្នាដើម្បីបង្កើតវប្បធម៌នៃការរស់នៅដោយសន្តិភាព។

លោក ស៊ុផាឆៃ វីរៈភូជុង សហស្ថាបនិករៀបចំបានលើកឡើងថា នេះគ្រាន់តែជំហានទី១នៃកម្មវិធីប្រកួតបាល់ទាត់រវាងប្រទេសកម្ពុជា និងថៃ ប៉ុណ្ណោះ ប៉ុន្តែនៅពេលខាងមុខ នឹងមានរៀបចំការប្រកួតជាបន្តបន្ទាប់ទៀតជាមួយប្រទេសនៅតាមដងទន្លេមេគង្គមានកម្ពុជា ថៃ ឡាវ វៀតណាម មីយ៉ាន់ម៉ា ហើយអាចឈានដល់ការប្រកួតជាមួយក្រុមរបស់ប្រទេសឥណ្ឌាដែលជាទឹកដីកំណើតរបស់ព្រះពុទ្ធ ហើយឈានដល់ជាមួយជប៉ុន ចិន និងកូរ៉េថែមទៀត។
លោកមានប្រសាសន៍ថា ៖«នៅតំបន់ទន្លេមេគង្គភាគច្រើនជាអ្នកគោរពប្រតិបត្តិព្រះពុទ្ធសាសនា ដូច្នេះក្នុងនាមជាកូនចៅជំនាន់ក្រោយស្ថិតនៅលើទឹកដីសុវណ្ណភូមិដែលគោរពប្រតិបត្តិព្រះពុទ្ធសាសនារាប់ពាន់ឆ្នាំមកហើយគឺត្រូវបន្តរួមរស់នៅជាមួយគ្នាដ៏សុខសាន្តក្នុងនាមជាប្រជាជាតិនៃសហគមន៍អាស៊ានតែមួយ»។

ជាមួយគ្នានេះ តារាចម្រៀង ខេម ប្រធានក្រុមបាល់ទាត់តារាកម្ពុជា បានលើកឡើងថា ៖«យើងជាប្រទេសជិតខាង ក្នុងនាមជាតារាសិល្បៈដូចគ្នា យើងត្រូវបង្កើតសម្ព័ន្ធភាពនៃក្តីស្រឡាញ់ជាមួយគ្នាឲ្យបានច្រើន។ ទោះបីជានៅតាមបណ្តាញសង្គមឃើញមានបញ្ហាបន្តិចបន្តួចរវាងប្រទេសទាំងពីរមែន តែក្នុងនាមជាតារាសិល្បៈគប្បីចូលរួមធ្វើអ្វីដើម្បីបង្ហាញពីក្តីស្រឡាញ់ រាប់រកគ្នា និងបង្កើតទំនាក់ទំនងល្អរវាងគ្នានិងគ្នា»។
នៅចុងបញ្ចប់នៃសន្និសីទសារព័ត៌មាន អ្នកចូលរួមទាំងអស់បាននាំគ្នាសូត្រធម៌នមស្សការព្រះរតនត្រ័យដើម្បីផ្សាយមេត្តា និងអនុមោទនារួមគ្នា។

តាមការគ្រោង ទុក ក្រុមបាល់ទាត់គុនខ្មែរ នឹងប្រកួតជាមួយក្រុមបាល់ទាត់មួយថៃ ហើយក្រុមបាល់ទាត់តារាកម្ពុជា ប្រកួតជាមួយក្រុមបាល់ទាត់តារាថៃ គិតចាប់ពីម៉ោង៣រសៀលទៅនៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្រុមបាល់ទាត់គុនខ្មែរសុទ្ធតែកីឡាករប្រដាល់ល្បីៗប្រចាំប្រទេសកម្ពុជា។ ក្រុមបាល់ទាត់មួយថៃក៏មានកីឡាករល្បីៗជាច្រើនដូចជា Saenchai ជាដើមដែលនឹងមកចូលរួមប្រកួតដែរ។ ទាំងក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមតារាថៃ មានដូចជា តារាសម្តែង តារាចម្រៀង តារាម៉ូដែល YouTuber, Vlogger, តារា TikTok នៃប្រទេសកម្ពុជា និងប្រទេសថៃ៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


