ព័ត៌មានជាតិ
ប្រណាំងទូក ង ១ ល្ងាច អបអរបុណ្យកឋិនទានសាមគ្គីវត្តរាជនិវេសនារាមព្រះពន្លា
កាលពីថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២២ នៅតាមដងស្ទឹងសិរីសោភ័ណ មានការប្រណាំងទូក ង ១ ល្ងាច ដើម្បីអបអរសាទរពិធីបុណ្យកឋិនទានសាមគ្គី ១ ដង្ហែចូលវត្តរាជនិវេសនារាមព្រះពន្លា ស្ថិតក្នុងវត្តព្រះពន្លា ភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ក្នុងពិធីប្រណាំងទូក ង នេះ មានការចូលរួមពី ព្រះចៅអធិការវត្តព្រះពន្លា លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ លោក អ៊ុក ស៊ីវន មេបញ្ជាការផ្នែកសឹករង ក្រុងសិរីសោភ័ណ កីឡាករទូក និងអ្នកចូលរួមទស្សនាជាច្រើនរយនាក់។

គណៈកម្មការរៀបចំការប្រណាំងទូក បាននិយាយថា ទូក ង ដែលចូលរួមប្រណាំងនេះមានចំនួន ៩ ទូក ចំណុះ ២៤ នាក់។ ការប្រណាំងនេះវិលជុំ ក្នុងនោះជាប់ចំណាត់ថ្នាក់លេខ ១ បានទៅលើទូកមានឈ្មោះ អធិរាជសីហ៍ ០៧ ,លេខ ២ បានទៅលើទូកឈ្មោះ សាមគ្គីមានជ័យបារមីសារាយអណ្តែត , និងលេខ ៣ បានទៅលើទូកឈ្មោះ រតនៈមានជ័យ បារមី ១៤៦ អង្គាបុស្ប ០៤។ ទូកឈ្នះលេខ ១.២.៣ នេះ ត្រូវយកទៅប្រកួតនៅថ្ងៃទី ៤.៥ ខែវិច្ឆិកាខាងមុខ នៅខាងក្រោយវិទ្យាល័យជាតិមានជ័យទៀត ក្នុងនោះក៏មានទូកកិត្តិយសចំនួន ៤ ទូកចូលរួមអុំផងដែរ។

លោក ស្រេង សុផល បានប្រាប់ឲ្យដឹងថា បើទោះបីមានការប្រណាំងចំនួន ៩ ទូក អស់រយៈពេលពេញ ១ ល្ងាចយ៉ាងណាក្តី កីឡាករអុំទូកម្នាក់ៗខិតខំបញ្ចេញទាំងកម្លាំងចិត្ត កម្លាំងកាយ យកអស់ពីសមត្ថភាព ដើម្បីដណ្តើមបានជ័យលាភីចាប់ពីថ្នាក់លេខ ១ លេខ ២ និងលេខ ៣ និងដើម្បីឲ្យប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យទាំងអស់ បានចូលរួមសប្បាយរីករាយ កម្សាន្ត។ ក្នុងនោះ ដើម្បីថែរក្សាប្រពៃណី ក៏ដូចការរំលឹក នៃវីរភាពកងទ័ពជើងទឹកខ្មែរ និងរំលឹកគុណទឹកដែលទ្រទ្រង់ជីវិតមនុស្ស សត្វ រុក្ខជាតិ ផងដែរ។

ក្នុងនោះ លោក ស្រេង សុផល បានសរសើរ និងអរគុណដល់រដ្ឋបាលខេត្ត អាជ្ញាធរមានសមត្ថកិច្ច និងអ្នកពាក់ព័ន្ធ ដែលរៀបចំពិធីបុណ្យអុំទូក ង ឡើង ដើម្បីរំលឹកដឹងគុណ និងបង្កលក្ខណៈសប្បាយរីករាយជូនពលរដ្ឋក្នុងខេត្ត។

លោកក៏បានធ្វើការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ និងកីឡាករទូកទាំងអស់ ត្រូវចេះពង្រឹង សាមគ្គីភាព ឯកភាព ថែរក្សាសន្តិភាព និងទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា។ កសិករ ត្រូវចាប់ផ្ដើមបង្កបង្កើនផលពេលទឹកស្រកទៅវិញ។ ក្នុងមូលដ្ឋានសហគមន៍ ត្រូវបំបាត់គ្រឿងញៀនឲ្យអស់។ ត្រូវចេះគោរពច្បាប់ចរាចរណ៍ ដើម្បីសន្តិសុខខ្លួន និងចូលរួមពង្រឹងបន្ថែមភូមិ-ឃុំមានសុវត្ថិភាព។

នៅចុងកម្មវិធី លោក ស្រេង សុផល និងលោកគ្រូចៅអធិការវត្តព្រះពន្លា ចែកថវិកាជូនកីឡាករទូកដែលជាប់ចំណាត់ថ្នាក់ លេខ ១.២.៣ និងកីឡាករទូកអុំមិនបានចំណាត់ថ្នាក់ ក៏ផ្តល់ថវិកាឲ្យដែរ៕
អត្ថបទ ៖ វ៉ាន់ ណាង



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


