Connect with us

កីឡា

Takeru ជាក្មេងត្រូវបណ្តេញចេញពីសាលា ប្រែ​ជីវិត​ក្លាយ​ជា​កំពូល​​កីឡាករ​មានទ្រព្យខ្ទង់លានដុល្លារ

បានផុស

នៅ


កីឡាករ​ឃីគ​បុក​ស៊ីងដ៏ល្បីឈ្មោះរបស់ ​ជប៉ុន កីឡាករ Takeru Segawa ធ្លាប់ត្រូវ​បាន​សាលា​វិទ្យាល័យបណ្តេញចេញ ដោយសាររូបគេបង្កររឿងនៅទីនោះ ចុងក្រោយបែរ​ជាមកជោគជ័យក្នុងអាជីពជាកីឡាករឃីគបុកស៊ីង រហូតបច្ចុប្បន្នមានទ្រព្យសម្បត្តិខ្ទង់លានដុល្លារអាមេរិក។

កីឡាករ Takeru Segawa
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Takeru ជាមនុស្សមាននិស្ស័យជាមួយកីឡាប្រយុទ្ធតាំងពីក្មេង ដោយសារឪពុករបស់គេជាកីឡាករចំបាប់អាជីព។ ទោះបីជាយ៉ាងណា រូបគេមិនចាប់អារម្មណ៍ជាមួយកីឡាចំបាប់ទេ ប៉ុន្តែបែរ​ជាចូលចិត្តកីឡាឃីគបុកស៊ីងជំនួសវិញ។ ពេលនោះ រូបគេមានក្តីស្រមៃដ៏ធំមួយ គឺចង់ក្លាយជាកីឡាករឃីគបុកស៊ីងដ៏ល្បីម្នាក់នៅសង្វៀនលំដាប់​ពិភព​លោក K-1។

អំឡុងពេលរៀននៅថ្នាក់ទី ២ ដោយសារស្រឡាញ់កីឡាឃីគបុកស៊ីងនេះ Takeru ក៏មានឱកាសបានហ្វឹកហាត់កីឡានេះបន្តិចបន្តួច និងបានហ្វឹកហាត់កីឡាការ៉ាតេផងដែរ។ លុះឈានចូលដល់ថ្នាក់វិទ្យាល័យ Takeru ស្រាប់តែបានប្រែចិត្តលែងចង់ក្លាយជាកីឡាករឃីគបុកស៊ីងវិញ ដោយសាររូបគេគិតថាកីឡានេះគ្មានអនាគត ហើយក៏បានរៀនជំនាញអ្នកមើលថែទាំកុមារ ដើម្បីចាប់យកអាជីពនេះ មកចិញ្ចឹមជីវិតខ្លួនឯងនៅពេលអនាគត។

Takeru រៀនបានតែ ៣ ខែប៉ុណ្ណោះ ក៏ត្រូវបានគ្រូបណ្តេញចេញពីសាលា ដោយសាររូបគេបានបង្ក​រឿងនៅសាលា បន្ទាប់ពីសេពគប់មិត្តភក្តិមិនល្អ។ ទីបំផុត បំណងប្រាថ្នាចង់ចាប់អាជីពជាអ្នកមើលថែទាំកុមារក៏ត្រូវបានរលាយ។ យ៉ាងណា ចំណុចនេះបានក្លាយជារឿងវិជ្ជមានវិញនៅក្នុងខ្សែជីវិតរបស់គេ ដោយសារ វាបានក្លាយជាចំណុចចាប់ផ្តើម​ថ្មី ធ្វើឱ្យគេរកឃើញខ្លួនឯងពិតប្រាកដ តាមរយៈការចាប់អាជីពជាកីឡាករឃីគបុកស៊ីង។

កីឡាករ Takeru Segawa

បច្ចុប្បន្ន Takeru ត្រូវបានគេចាត់ទុកជាកីឡាករឃីគបុកស៊ីងលំដាប់កំពូលម្នាក់នៅក្នុងប្រទេស ជប៉ុន ជាមួយនឹងគូប្រជែងរបស់គេកីឡាករ Tenshin Nasukawa។ Takeru មានសមិទ្ធផលជាច្រើនដូចជាខ្សែក្រវាត់ K-1 World GP Super Featherweight World Grand Prix, K-1 Super Featherweight Championship, ISKA K-1 World Lightweight Championship ទម្ងន់ ៦១ គីឡូក្រាម និង KGP K-1 World Lightweight Championship ទម្ងន់ ៦១ គីឡូក្រាម។

កំណត់ត្រាដ៏ពិសេសមួយទៀត គឺកីឡាករធ្លាប់ប្រកួតមិនចាញ់សោះរយៈពេល ១០ ឆ្នាំ ពីឆ្នាំ ២០១២ ដល់ ២០២២។ Takeru បច្ចុប្បន្នមានកំណត់ត្រាប្រកួតអាជីពសរុបចំនួន ៥០ ដង ឈ្នះ ៤៥ ដង (ផ្តួលដៃគូឱ្យសន្លប់ ២៧ ដង) ចាញ់ ៥ ដង និងមិន​ធ្លាប់ស្មើ។

ក្រៅពីការទទួលបានសមិទ្ធផលជាច្រើន ក្នុងអាជីពកីឡាឃីគបុកស៊ីង បច្ចុប្បន្ន Takeru ក៏ជាកីឡាករ ដែលមានទ្រព្យសម្បត្តិច្រើនបំផុតម្នាក់នៅ ជប៉ុន ផងដែរ។ តាមការវាយតម្លៃរបស់សារព័ត៌មាន Sportskeeda បានឱ្យដឹងថា កីឡាករវ័យ ៣៤ ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិចន្លោះពី ១ ទៅ ២ លានដុល្លារអាមេរិក៕

កីឡាករ Takeru Segawa

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ONE & Sportskeeda

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម